ប្រឡងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យ តែលទ្ធផលបាក់ឌុបបានត្រឹមស្រងាកចិត្ត
ស្ត្រីម្នាក់បានសម្តែងនូវការមិនពេញចិត្ត ចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ នេះ ដោយស្ត្រីរូបនោះ បានលើកឡើងថា ប្អូនស្រីរបស់គាត់មានប្រវត្តិសិក្សាល្អ លើគ្រប់មុខវិជ្ជា តែបែរជាបានជាប់ត្រឹមនិទ្ទេស C ប៉ុណ្ណោះ ហើយបានធ្លាក់លើមុខវិជ្ជាគណិតវិទ្យា ( F ) ទៅវិញ ខណៈប្អូនរបស់គាត់ធ្វើបានសម្រេចច្រើនភាគរយ ហើយត្រឹមត្រូវទៀតផងនោះ ។
នៅលើគណនីហ្វេសប៊ុកឈ្មោះ Chetra Chhann បានបង្ហោះរូបភាព ហើយបានសរសេរសាររៀបរាប់ថា សូមគោរពទៅកាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ធមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ជាទីគោរព នាងខ្ញុំឈ្មោះ ឆាន់ ចិត្រា មានប្អូនស្រីឈ្មោះ ឆាន់ គីមប៊ួយ ថ្ងៃខែឆ្នាំកំណើត ០៥,០៣,២០០១ ជាសិស្សនៃវិទ្យាល័យបាក់ទូក ដែលបានប្រឡងនៅមណ្ឌលវិទ្យាល័យទួលស្វាយព្រៃ លេខតុ៦១១ ដែលប្រឡងបាក់ឌុបនៅឆ្នាំនេះ ហើយនេះក៏ជាថ្ងៃប្រកាសលទ្ធផលផងដែរ នាងខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនសឹងមិនជឿភ្នែករបស់ខ្លួនឯងនូវលទ្ធផល ដែលបានចេញមកឃើញថា ប្អូនស្រីរបស់ខ្ញុំបាននិទ្ទេសC ហើយធ្លាក់មុខវិជ្ជាគណិតវិទ្យាF ទាំងដែលប្អូនរបស់ខ្ញុំមានប្រវត្តិសិក្សាល្អ លើគ្រប់មុខវិជ្ជា គណិតវទ្យានេះដែរគឺគាត់ធ្វើបានសម្រេចច្រើនភាគរយព្រមទាំងត្រឹមត្រូវទៀតផង តាមរយៈការបញ្ជាក់ប្រាប់យ៉ាងច្បាស់ពីសំណាក់ប្អូនស្រីរបស់ខ្ញុំ។
គណនីហ្វេសប៊ុកដដែលបានឱ្យដឹងទៀតថា ខ្ញុំសូមសម្ដែងនូវការមិនយល់ស្របទាំងស្រុងនូវលទ្ធផល ដែលបានចេញរួចនេះ វាពិតជាមិនអាចទទួលយកបានទេសម្រាប់ប្អូនស្រីខ្ញុំ ព្រោះគាត់បានខិតខំប្រឹងប្រែងរៀនសូត្រ មានពេលសម្រាកតិចតួចណាស់ ភ្ញាក់ពីព្រលឹមរាល់ព្រឹកទៅរៀន មិនថា ថ្ងៃអាទិត្យក៏មិនឈប់សម្រាកផង ចូលគេងយប់ជ្រៅ ព្រោះត្រូវធ្វើលំហាត់ សំណេរ និង ទន្ទេញមេរៀន ។ សូមមេត្តាធ្វើការត្រួតពិនិត្យឡើងវិញម្ដងទៀត ហើយក៏សុំសួរថាតើនាងខ្ញុំ ត្រូវបំពេញនូវលិខិតអ្វីខ្លះក្នុងដំណើរការសូមឱ្យមានការត្រួតពិនិត្យជាថ្មីម្ដងទៀតលើការបូកពិន្ទុ និង ការចេញលទ្ធផលនេះ? ៕