នេះហេីយជាមូលហេតុ ដែលលទ្ធផលបាក់ឌុបឆ្នាំនេះមិនបានបង្ហាញលំដាប់ពិន្ទុ
បន្ទាប់ពីលទ្ធផលបាក់ឌុប នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល បានបង្ហោះនៅក្នុង ផេកផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា កាលពី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បង្កើតឱ្យមានការផ្ទុះចម្ងល់ ជាច្រើនពីសំណាក់ សាធារណជន ជាពិសេសគឺ សិស្សដែលប្រលងផ្ទាល់តែម្តង ពាក់ព័ន្ធនិង ការមិនបង្ហាញ លំដាប់ពិន្ទុនៅលើក្រដាសលទ្ធផល ។
ក្រោយពីមានមតិ ជាច្រេីន ទេីបថ្ងៃនេះ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម រស់ សុវាចា បានបង្ហើបឱ្យដឹងថា មូលហេតុគឺដោយសារ កុំឱ្យមានការយល់ច្រលំរវាងពិន្ទុ និង លំដាប់ពិន្ទុ ។ នេះដោយសារតែរាល់ឆ្នាំ ក្រោយពេលប្រកាសលទ្ធផលរួច តែងតែមានសំនួរ និងមតិយល់ច្រលំជាហូរហែ ទោះបីជាមានការពន្យល់ជារឿយៗ ពីក្រសួង ។ ឯកឧត្តម ក៏បានបន្ថែមឱ្យដឹងដែរថា លំដាប់ពិន្ទុទោះបីមិនចេញលើបញ្ជីលទ្ធផលប្រឡង តែវានឹងមាននៅលើវិញ្ញាបនបត្ររបស់សិស្សនីមួយៗ ហើយក្រសួងក៏ផ្ញើលំដាប់ពិន្ទុនេះទៅកាន់ស្ថាប័នពាក់ព័ន្ធផងដែរ ៕