ប៉ុន្មានឃ្លាពីលោកទូតជប៉ុន ក្នុងពិធីជប់លៀងលាប្រជាជនខ្មែរ បញ្ជាក់ថាលោកអាឡោះអាល័យខ្លាំង
កាលពីថ្ងៃទី ២២ សីហា ២០១៩ កន្លងទៅនេះ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីជប់លៀងបញ្ចប់បេសកកម្ម ជូនចំពោះឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ក្នុងនាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។ ក្នុងកម្មវិធីដ៏ពិសេសមួយនេះ លោកទូតជប៉ុន បានបង្ហាញខ្លួនជាមួយនឹងភរិយា ទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ជាមួយទឹកមុខញញឹមរួសរាយរាក់ទាក់ តែក៏បង្កប់នូវក្ដីអាឡោះអាល័យផងដែរ ។
នៅក្នុងពិធីជប់លៀងមុនចាកចេញទៅកាន់ប្រទេសជប៉ុនវិញ ឯកអគ្គរាជទូតជប៉ុន បានថ្លែងសន្ទរកថា បង្កប់ទៅដោយអត្ថន័យ ពាក្យពេចន៍ល្អៗជាច្រើន ធ្វើឱ្យភ្ញៀវកិត្តិយសដែលបានចូលរួមទ្រាំមិនទះដៃសាទរមិនបាន ។ លោកទូតបាននិយាយថា «ខ្ញុំមានអារម្មណ៍សោកស្ដាយបន្តិច ប៉ុន្តែក៏មានអារម្មណ៍ធូរស្រាល ដើម្បីជម្រាបជូនថា នេះជាសន្ទរកថា ជាភាសាខ្មែរលើកចុងក្រោយរបស់ខ្ញុំ» ។
លោកបានរៀបរាប់ពាក្យក្នុងចិត្តបន្តថា ពេលវេលាពិតជាដើរលឿន ។ ប្រមាណ ៣ ឆ្នាំ កន្លងផុតទៅ ក្រោយពេលលោក និង ភរិយាបានមកដល់រាជធានីភ្នំពេញនាឆ្នាំ ២០១៦ ។ ៣ ឆ្នាំនេះគឺជាពេលវេលាដ៏វិសេសវិសាលសម្រាប់លោក និង ភរិយា ។ ប្រទេសកម្ពុជាបានរក្សានូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ៧ % ជារៀងរាល់ឆ្នាំ ហើយទំនាក់ទំនងទ្វេរភាគីរវាងជប៉ុន និង កម្ពុជា ក៏មានសន្ទុះឈានទៅមុខយ៉ាងខ្លាំងផងដែរ ។ ទាំងពាណិជ្ជកម្មទ្វេរភាគី ការវិនិយោគផ្ទាល់ និង ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនានា ក៏មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ។ ជាពិសេសលោកបានចូលរួមពិធីសម្ពោធផ្សេងៗនៃគម្រោង ជំនួយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុន ដែលជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ ដូចជាការជួសជុលស្ពានជ្រោយចង្វារជាដើម ។
ហាក់បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ឯកអគ្គរាជទូតជប៉ុន បានបន្ថែមទៀតថា ៖ «ខ្ញុំ និង ភរិយា នឹងចាកចេញពីក្រុងភ្នំពេញសប្ដាហ៍ក្រោយនេះ ក៏ប៉ុន្តែសម្រស់នៃប្រទេសកម្ពុជាបានផ្ដល់ក្ដីស្រមៃដល់ យើងខ្ញុំថា នឹងត្រឡប់មកកាន់ទឹកដីដ៏អស្ចារ្យនេះជាថ្មីនាថ្ងៃអនាគត ។ រាជធានីភ្នំពេញ នឹងប្រែមុខមាត់ថ្មីនៅប៉ុន្មានឆ្នាំខាងមុខ ជាមួយនឹងព្រលានយន្តហោះថ្មី អគារខ្ពស់ៗជាច្រើន ព្រមទាំងប្រព័ន្ធដឹកជញ្ជូន សាធារណៈថ្មីៗ ។ ខ្ញុំក៏នឹងអាចនឹងមានឱកាសសាជាថ្មីដើម្បីថ្លែងសន្ទរកថា ជាភាសាខ្មែរផងដែរ» ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ