អ្នកនិពន្ធល្បី សុខ ចាន់ផល បើកហាងកាហ្វេមិនទុកជាការរស៊ី តែដើម្បីធ្វើរឿងទាំងនេះ ក៏មានក្តីសុខ !
ប្រិយមិត្តប្រាកដណាស់នឹងស្គាល់លោក សុខ ចាន់ផល ដែលលោកគឺជាអ្នកនិពន្ធមានកេរ្តិ៍ឈ្មោះល្បីមួយរូបក្នុងពេលបច្ចុប្បន្ន ។ ស្នាដៃរបស់លោក សុខ ចាន់ផល ជាច្រើនមានដូចជា រឿងប្រលោមលោក និង បទចម្រៀង ជាដើម សុទ្ធតែទទួលបានការគាំទ្រពីសំណាក់មិត្តអ្នកអាន និង អ្នកស្តាប់ មិនថាក្មេងចាស់ប្រុសស្រី ជាពិសេសស្នាដៃចុងក្រោយគឺរឿង «សង្សារ ១៤ ថ្ងៃ» ដែលរឿងនេះលោកធ្លាប់បានឱ្យដឹងថា ឈានដល់ការផលិតជាខ្សែភាពយន្តទៀតផង បន្ទាប់ពីមានការគាំទ្រច្រើន ។
មិនទៅណាឆ្ងាយពីវិស័យនិពន្ធ ដោយថ្មីៗនេះអ្នកនិពន្ធ សុខ ចាន់ផល ទើបតែបានបើកហាងកាហ្វេថ្មីខ្នាតតូចមួយដាក់ឈ្មោះថា Anussavry នៅជាប់របងវត្តបុទុមវត្តីដែលចាប់ដំណើរការបានប្រមាណជិតមួយអាទិត្យនេះ ។ ជាមួយនឹងការបើកហាងកាហ្វេមួយនេះដែរ លោក សុខ ចាន់ផល បានរៀបរាប់ថា ក្រោយពីប្រឹងប្រែងស្វះស្វែងដើរលេងអស់ជាច្រើនឆ្នាំ ឥឡូវនេះសល់ប្រាក់តិចតួច ព្រមទាំងគំនិតខ្លះៗ រួមទាំង «តែ» និង កាហ្វេ ប៉ុន្មានកញ្ចប់ ត្រឡប់មកបើកហាងកាហ្វេសៀវភៅតូចមួយ ទុកជាអនុស្សាវរីយ៍ ព្រមទាំងដាក់ឈ្មោះថា Anussavry គ្រាន់ជាទីជួបជុំមិត្តភក្តិចាស់ថ្មីទាំងឡាយ ។
លោក សុខ ចាន់ផល បានបន្ថែមទៀតថា លោកមិនចាត់ទុកជាការរកស៊ីអ្វីនោះទេ ពោលគឺហាងកាហ្វេរបស់លោកបើកទ្វារស្វាគមន៍ជានិច្ចចំពោះសាធារណៈជនទូទៅ ដោយអាចមកអង្គុយលេង អានសៀវភៅហ្វ្រី និង ញ៉ាំ «តែ» ហ្វ្រី ឬក៏ជជែកពីឆាកជីវិត ពីធម៌អាថ៌ ហើយមិត្តភក្តិណាដែលជាអ្នកនិពន្ធ គឺអាចយកសៀវភៅរបស់ខ្លួនមកលក់នៅទីនេះ ឬក៏មកអង្គុយសរសេររឿងនៅទីនេះបាន បើមិនសាញថា ក្តៅ!!! ព្រោះគ្មានម៉ាស៊ីនត្រជាក់ ។ ចំពោះម៉ោងបើកហាង គឺថា ៥ ថ្ងៃកន្លងមកនេះ លោកបើកចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨~៩ យប់ ឬក៏ប្រហែលជាបើកតែពេលណាដែលលោកទំនេរ ប៉ុន្តែប្រហែលជាផ្លាស់ប្ដូរឱ្យទៀងទាត់នាថ្ងៃក្រោយ ។
ស្របពេលជាមួយគ្នានៅដែរ លោក សុខ ចាន់ផល ក៏បានរំលេចពាក្យអំណរគុណដល់អ្នកគាំទ្រហាងកាហ្វេតូចរបស់លោកដែរថា អរគុណហើយណា ដែលប៉ុន្មានថ្ងៃមកនេះមានមិត្តភក្តិមកលេងជាបន្តបន្ទាប់ ស្របតាមគោលបំណងដែលខ្ញុំបានគ្រោងទុក ។ សូមឱ្យអ្នកទាំងអស់គ្នាទទួលបាននូវសុខសន្តិភាពក្នុងជីវិត ។
ឆ្លងតាមការឱ្យដឹងពីអ្នកនិពន្ធ សុខ ចាន់ផល នេះ បានបង្ហាញឱ្យឃើញថា លោកពិតជាមានចិត្តគំនិតទូលំទូលាយខ្លាំង ដោយមិនបានគិតពីការធ្វើអាជីវកម្ម ឬ ផលចំណេញអ្វីឡើយ ដែលសំខាន់នោះគឺការបំពេញផលប្រយោជន៍រួម ដែលទាំងនេះលោកបាននិយាយថាជាសេចក្តីសុខមួយសម្រាប់រូបលោក ៕
ដោយ ៖ សាកល