កុំយកពាក្យខ្សែមកនិយាយ! បើចេះ ៤ ចំណុចនេះច្បាស់ ចង់ប្រឡងចូលស្ថាប័នរដ្ឋ គេទទួលដៃ១០
និស្សិតមួយចំនួនតែងប្រាថ្នា ចង់ក្លាយជាមន្ត្រីបម្រើការងារក្នុងវិស័យសាធារណៈ ទោះបីមិនបានប្រាក់បៀវត្សខ្ពស់ដូចការងារឯកជនយ៉ាងណាក្ដី តែមានចំណុចពិសេសជាច្រើនដែលមនុស្សជាច្រើនចង់បាន ។ តទៅនេះជាការចែករំលែកបទពិសោធពីមន្ត្រីរាជការមួយចំនួនដែលធ្លាប់ប្រឡងចូលស្ថាប័ន រដ្ឋបានជោគជ័យដោយគ្មានសូកប៉ាន់ គ្មានខ្នង គ្មានខ្សែអ្វីទាំងអស់ ។
១.បើជ្រើសប្រឡងជំនាញណាត្រូវចេះជំនាញនោះឱ្យច្បាស់
គ្រប់ក្រសួង ស្ថាប័នសាធារណៈតែងប្រកាសជ្រើសរើសបុគ្គលិកទៅតាមជំនាញ ដូចជា ផ្នែកសេដ្ឋកិច្ច រដ្ឋបាល ព័ត៌មានវិទ្យា នីតិសាស្ត្រ ជាដើម ។ ដូច្នេះប្រសិនបើចង់មានឱកាសជាប់ច្រើនគួរប្រឡងជំនាញណាដែលត្រូវនឹងសញ្ញាបត្ររបស់ខ្លួន ឬ បើប្រឡងមិនត្រូវជំនាញក៏ត្រូវធ្វើការស្រាវជ្រាវឱ្យបាន ច្រើនពាក់ព័ន្ធនឹងមុខជំនាញនោះ ។
២. ចំណេះដឹងវប្បធម៌ទូទៅ
ចំណេះដឹងវប្បធម៌ទូទៅតែងចេញជាវិញ្ញាសារប្រឡងមួយកម្រនឹងអាក់ខាន ។ ចំណេះដឹងទាំងនោះ មិនទៅណាឆ្ងាយអំពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងក្នុងសង្គមបច្ចុប្បន្ន ដែលពាក់ព័ន្ធនឹងគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល សេចក្ដីសម្រេច អនុក្រឹត្យ ព្រះរាជក្រឹត្យផ្សេងៗ ។ ជូនកាលក្រសួងខ្លះក៏បានដាក់សំណួរដែលពាក់ព័ន្ធនឹងគោលការណ៍ យុទ្ធសាស្ត្រ ឬ អ្វីដែលក្រសួងបានសម្រេច ។ ដូច្នេះគួរតាមដានព័ត៌មានក្នុងកិច្ចប្រជុំ ឬ សាវដារបស់ក្រសួងដែលខ្លួនចង់ប្រឡងចូលនោះ ឱ្យច្បាស់ ។
៣. ភាសាអង់គ្លេស
ភាសាអង់គ្លេសជាវិញ្ញាសារប្រឡងមួយទៀត ដែកលអាចចេញជាការបំពេញចន្លោះ វេយ្យាករណ៍ ការបកប្រែ និង ការតាក់តែងពីប្រធានបទអ្វីមូយ ។ គួរពង្រឹងភាសាអង់គ្លេសឱ្យចេះច្បាស់ ព្រោះប្រសិនបើចេះជំនាញ អាចឆ្លើយចំណេះដឹងទូទៅបាន តែខ្វះភាសាបរទេសក៏មិនងាយដែរ ។
៤. ការសរសេរដែលអាចស្រូបពិន្ទុពីគណៈកម្មការ
ដើម្បីទទួលបានពិន្ទុល្អ ត្រូវធ្វើយ៉ាងណាសរសេរឱ្យមានរបៀបរៀបរយ កុំឱ្យខុសច្រើន កុំលុប ហើយធ្វើយ៉ាងណាព្យាយាមឆ្លើយឱ្យចំៗ កុំណែណង អូសបន្លាយអត់ប្រយោជន៍ ។ មួយវិញទៀតចំពោះសំណួរបើកសូមបង្ហាញពីការយល់របស់ខ្លួនឱ្យបានទូលំទូលាយ ប្រកបដោយខ្លឹមសារ និង ត្រូវនឹងតថភាពពិត ជាក់ស្ដែងដែលសង្គមកំពុងត្រូវការនូវគំនិតបែបនោះ ៕