មុនប្រឡងបាក់ឌុប ១ ខែសិស្សឆ្នើមនិទ្ទេស A រស់ ចាន់ត្រា តែងមានទម្លាប់ ៤ នេះ ទើបជោគជ័យខ្លាំង
ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ នឹងមកដល់នៅថ្ងៃទី ១៩ សីហា ខាងមុខនេះហើយ ។ សិស្សថ្នាក់ទី ១២ ទូទាំងប្រទេសកំពុងខិតខំប្រឹងប្រែងរៀនយ៉ាងសកម្មដើម្បីទទួលបានលទ្ធផលល្អ ក្នុងការប្រឡងថ្នាក់ជាតិដ៏សំខាន់បំផុតនេះ ។ ដោយឡែកថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញនូវទម្លាប់មួយ ចំនួនរបស់សិស្សឆ្នើមនិទ្ទេស A រស់ ចាន់ត្រា រៀនជាប់លេខ ១ តាំងពីថ្នាក់ទី ១ ដល់ទី ១២ តែងអនុវត្តជាប្រចាំមុនការប្រឡងបាក់ឌុប ១ ខែ ។ ដូច្នេះសូមទៅដឹងទាំងអស់គ្នា ៖
១. ផ្ដោតលើមុខវិជ្ជាណាដែលគិតថាខ្លួនឯងមិនសូវច្បាស់
ប្រាប់មកកាន់ «ប្រជាប្រិយ» យុវតីស្រអែមស្រស់ខ្ពស់ស្រឡះរូបនេះនិយាយថា មុនការប្រឡង ១ ខែ ខ្លួនតែងផ្ដោតជាសំខាន់លើមុខវិជ្ជាណា ដែលគិតថាខ្លួនឯងមិនទាន់ច្បាស់ត្រង់ចំណុចណាមួយ ។ មុខវិជ្ជាផ្សេងៗ ចាន់ត្រា រៀនដូចគ្នា តែចំពោះមុខវិជ្ជានៅខ្វះចន្លោះដូចជា រូបវិទ្យា អីជាដើម គឺខ្លួនខំមើលជាងគេ ។
យុវតី រស់ ចាន់ត្រា
២. រៀនធ្វើលំហាត់ដែលគេប្រឡងហើយឆ្នាំមុនៗ
សិស្សនិទ្ទេស A ឆ្នាំ ២០១៦ រូបប្រាប់ថា ភាគច្រើនខ្លួនតែងរៀនធ្វើលំហាត់ដែលគេចេញឆ្នាំចាស់ ។ ការធ្វើបែបនេះនាំឱ្យ ចាន់ត្រា ដឹងថាខ្លួនឯងខ្វះខាតត្រង់ណា ខ្សោយកន្លែងណា ។ ដូច្នេះបើដឹងថា មិនចេះត្រង់ណាគឺត្រូវពង្រឹងត្រង់ចំណុចនោះ ។
៣. ការបែងចែកកាលវិភាគសិក្សា និង អនុវត្ត
និស្សិតអាហារូបករណ៍កំពុងសិក្សានៅប្រទេសជប៉ុន រស់ ចាន់ត្រា បន្តថា កាលនៅរៀនទី ១២ ក្នុងអំឡុងពេលជិតដល់ប្រឡងបែបនេះ គឺខ្លួនទៅរៀនគួរព្រឹកឡើងចំពោះមុខវិជ្ជាណាដែលនាងមិនទាន់ច្បាស់ ។ ពេលថ្ងៃឡើង គឺចំណាយពេលមើលមុខវិជ្ជាអក្សរដូចជា ប្រវត្តិវិទ្យាជាដើម ។ ចំពោះលំហាត់វិញ គឺចាន់ត្រា បែងចែកថ្ងៃគ្នា ។ ឧទាហរណ៍ថា ថ្ងៃនេះអនុវត្តលំហាត់ គណិត រូប ដល់ស្អែកឡើង ធ្វើលំហាត់ គីមី និង ជីវវិទ្យា វិញ ។
៤. ថែរក្សាសុខភាពឱ្យបានល្អ
ចាន់ត្រា ប្រាប់ថា ទោះបីជាខំរៀនយ៉ាងណាក៏ដោយ មិនគួរភ្លេចថែសុខភាពទេ ព្រោះកាន់តែជិតដល់ថ្ងៃប្រឡង ។ ចំពោះចាន់ត្រា ផ្ទាល់យប់ឡើងត្រូវតែគេងឱ្យឆ្អែត អាចថាកាលដើមឆ្នាំនៅរៀនដល់យប់ៗជ្រៅ តែពេលជិតដល់ការប្រឡងបែបនេះត្រូវហូប គេង ឱ្យគ្រប់គ្រាន់ ឱ្យមានសុខភាពល្អ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ