រំជួលចិត្ត! លោកបណ្ឌិតជប៉ុនរូបនេះ ទទួលគ្រឿងឥស្សរិយយសពីព្រះចៅអធិរាជជប៉ុន ក្រោយថែរក្សា ជួសជុល ប្រាសាទខ្មែរ ២៥ ឆ្នាំ
នៅថ្ងៃទី ៣០ ឧសភា ២០១៩ លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា សាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យរ៉ាសេដា ប្រទេសជប៉ុន ជាបុគ្គលដែលមានស្នាដៃឆ្នើសម្រាប់សង្គម ផលប្រយោជន៍សាធារណៈ ពិសេសលោកជាបុគ្គលដ៏សំខាន់ដែលបានជួយអភិរក្ស ដឹកនាំជួសជុល ប្រាសាទបុរាណខ្មែរជាង ២០ ឆ្នាំ បានទទួលគ្រឿងឥស្សរិយយស “The Order of Sacred Treasure, Gold with Neck Ribbon” ពីព្រះករុណា ព្រះចៅអធិរាជ នៅព្រះបរមរាជវាំងជប៉ុន ។ នេះបើតាមលិខិតផ្លូវការមួយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបង្ហោះមុននេះ ។
លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា បានចូលរួមចំណែកជំរុញការអប់រំ និង មិត្តភាពរវាងប្រទេសជប៉ុន និង ប្រទេសកម្ពុជា តាមរយៈការជួសជុល និង ស្ដារឡើងវិញនៃអង្គរ ពិសេសប្រសាទបាយ័ន ក្នុងនាមលោកជាប្រធានក្រុមរដ្ឋាភិបាលជប៉ុន សម្រាប់ការថែរក្សាការពារប្រាសាទអង្គរ (JSA) ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ១៩៩៤ និងក្នុងនាមជាសហប្រធាន នៃគម្រោងជប៉ុន-អប្សរាការពារប្រាសាទអង្គរ (JASA) ចាប់តាំងពីឆ្នាំ ២០០៥ ព្រមទាំងបណ្ដុះបណ្ដាលអ្នកជំនាញបច្ចេកទេសកម្ពុជាជាច្រើនរូប សម្រាប់គម្រោងអង្គរជាង ២៥ ឆ្នាំកន្លងមកនេះ ។
លើសពីនេះទៀតលោកបណ្ឌិត បានចូលរួមចំណែកការជួសជុល ការស្ដារឡើងវិញ និង សកម្មភាពស្រាវជ្រាវនៅប្រាសាទព្រះវិហារ និង សំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ របស់កម្ពុជា ក្នុងនាមលោកជាប្រធានក្រុមនៃសាកលវិទ្យាល័យរ៉ាសេដា ៕
អត្ថបទ ៖ រាជ