បង្ហាញមុខតាយាយជប៉ុន ២ រូប នៅពីក្រោយសាលារាប់រយខ្នងនៅកម្ពុជា និង ភាពរឹងមាំប្រាសាទអង្គរ
ជប៉ុនជាប្រទេសផ្ដល់ជំនួយដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការអភិរក្ស ជាដើម ។ មានប្រជាពលរដ្ឋខ្មែរមួយចំនួនទំនងជាមិនធ្លាប់បានស្គាល់ ជនជាតិជប៉ុនដែលជាបុគ្គលដ៏សំខាន់ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និង ទ្រព្យសម្បត្តិ ជួយដល់ប្រជាជន និង ប្រទេសកម្ពុជា ។ តទៅនេះសូមបង្ហាញមុខលោកតា និង លោកយាយ ជប៉ុន ២ រូប តែងជួយកម្ពុជារហូតមក ៖
១. លោកយាយ Osanai Mieko
លោកយាយ Osanai Mieko បច្ចុប្បន្នមានអាយុ៨៩ឆ្នាំ ជាស្ថាបនិកអង្គការJAPAN TEAM OF YOUNG HUMAN POWER (JHP) បានជួយកសាងសាលារៀនចំនួន ៣៤៧ខ្នង ដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣មក ។
មានបណ្ដាប្រទេសជាច្រើន ដែលលោកយាយ Osanai Mieko ធ្លាប់បានជួយកសាងសាលារៀន កន្លែងជ្រោកកោន សម្រាប់ជនភៀសខ្លួនដោយសារសង្គ្រាមដូចជា ប្រទេសនៅក្នុងទ្វីបអាហ្វ្រិក នេប៉ាល់ ឡាវ ឥណ្ឌា អ៊ីរ៉ាក់ អាហ្វហ្គានីស្ថានជាដើម ។ ក្នុងនោះកម្ពុជាជាប្រទេសសំខាន់មួយដែលលោកយាយ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និង ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួយដល់ប្រជាជនខ្មែរ ឱ្យរួចផុតពីបន្ទាត់ក្រីក្រតាមរយៈវិស័យអប់រំ ។
ក្រៅពីជួយសាងសង់សាលារៀនរាប់រយខ្នង មានបំពាក់បរិក្ខារួចជាស្រេចនេះ លោកយាយបានចូលរួមចំណែកកសាងនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅកម្ពុជា ដូចជា កសាងផ្លូវ ប្រព័ន្ធទំនប់ការពារទឹកជំនន់ លូ ប្រព័ន្ធទឹកស្អាត អណ្ដូង ជាពិសេសជួយ ផ្ដល់ជាសំភារៈផ្សេងៗ ដែលប្រជាជនកម្ពុជាកំពុងត្រូវការ និង តម្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះ ។
២. លោកសាស្រ្តាចារ្យ Takeshi Nakagawa
លោកសាស្រ្តាចារ្យ Takeshi Nakagawa គឺជាស្ថាបត្យករដ៏លេចធ្លោ និង ជាសាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដានៅប្រទេសជប៉ុន ។ លោកសាស្រ្តាចារ្យបានដឹកនាំក្រុមរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារ ប្រាសាទអង្គរចាប់តាំងពីពេលបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៤ និង បានអនុវត្តនូវគម្រោងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងបានចូលរួមក្នុងកិច្ចការជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន ។
ចាប់ពីឆ្នាំ២០០៥ គម្រោងជួសជុលប្រាសាទបាយ័នត្រូវបានអនុវត្តរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ក្រោមឈ្មោះ JASA ហើយតាមរយៈគម្រោងជួលជុលរួមគ្នានេះ គឺបានចូលរួមបង្កើនសមត្ថភាពអ្នកបច្ចេកទេសជាច្រើនរូប ។ លោកសាស្រា្តចារ្យ ក៏បានធ្វើការស្រាវជ្រាវបឋមលើប្រាសាទព្រះវិហារ និង ការអភិរក្សតំបន់សំបូរព្រៃគុកទៀតផង ។
ដោយសារកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទបុរាណនៅកម្ពុជា អស់ជាង ២០ ឆ្នាំ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោកសាស្រ្តាចារ្យ Takeshi Nakagawa ជាសហប្រធានគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ (JASA) បានទទួលលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលជាការលើកទឹកចិត្តចំពោះ លោកសាស្រ្តាចារ្យទៅលើការថែរក្សាបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និង ការពង្រឹងចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ៕
អត្ថបទ ៖ រាជ
ប្រភព ៖ ស្ថាតទូតជប៉ុនប្រចាំកម្ពុជា