មិនចង់ស្តាយក្រោយ ដាច់ខាតកុំពោលឃ្លាទាំងនេះទៅម្តាយ ព្រោះគាត់មិនមែនកញ្ជះដាច់ថ្លៃអ្នកឡើយ!
ស្ត្រីចំណាស់ម្នាក់ដែលគ្រប់គ្នាហៅ «ម៉ែ» រាល់ៗថ្ងៃនេះគាត់បានបំពេញតួនាទីជាច្រើនសម្រាប់កូនៗ អ្វីដែលគាត់បានបំពេញឱ្យនោះគាត់មិនដែលគិតថាហត់នឿយ ឬ ត្អូញត្អែរថាលំបាកឡើយ ប៉ុន្តែកូនៗខ្លះបែបជាមិនបានដឹង ហើយថែមទាំងធ្វើទុក្ខបុកម្នេញនាំរឿងរ៉ាវអសកម្មជាច្រើនដល់ម្តាយ មិនតែប៉ុណ្ណោះមានកូនខ្លះទៀតថែមទាំងរអ៊ូរទាំដាក់ «ម៉ែ» ថាជាអ្នកតាមរំខាន និង ចាត់ទុកគាត់ជាអ្នកបម្រើដាច់ថ្លៃទៅវិញ ដោយនិយាយរអ៊ូរទាំទៅកាន់ «ម៉ែ» ថា ៖
– «ពេលឃ្លាន» ម៉ែ ឃ្លានណាស់បានម្ហូបអីថ្ងៃហ្នឹង ?
– «ពេលហត់» ម៉ែ ថ្ងៃនេះខ្ញុំហត់ណាស់ ទៅដេកហើយ មិនបាច់ហៅទេណា !
– «ពេលពិបាកចិត្ត» ម៉ែ ម្នាក់នៅកន្លែងខ្ញុំនឹងពូកែអែបអបមេណាស់ ខ្ញុំធ្វើមិនដូចទេ ហ៊ឺ…នឹកទៅខឹងចិត្តណាស់!
– «ពេលគេចដើរលេង» ម៉ែ ថ្ងៃនេះថែមម៉ោង យប់បន្តិចបានទៅផ្ទះចាំបើកទ្វារឱ្យផង !
– «ពេលមិនស្រួលខ្លួន» ម៉ែ ខ្ញុំពិបាកក្នុងខ្លួនណាស់ សាបមាត់អស់ហើយ ទិញថ្នាំឱ្យខ្ញុំផង !
– «ពេលឈ្លោះគ្នាជាមួយស្នេហា» ម៉ែ កុំរវល់ជាមួយខ្ញុំ អាចទេមកពីខ្ញុំជាកូនម៉ែឯង ហេតុអីម៉ែឯងក្រអ៊ីចឹង ?
– «ពេលខឹងបងប្អូន» ម៉ែ ខ្ញុំអត់ខ្វល់ទេ ដោះស្រាយជាមួយកូនម៉ែឯងទៅកុំឱ្យមានរឿងដល់ខ្ញុំ !
– «ពេលកូនខ្លួនឯងឈឺ» ម៉ែ កូនខ្ញុំឈឺហើយ ហ៊ឺ…លុយក៏គ្មាន ការងារក៏ច្រើន ម៉ែឯងមានគិតជួយអីខ្ញុំខ្លះអត់ហ្នឹង ?
– «ពេលម៉ែឈឺចាស់» ម៉ែ ខ្ញុំរវល់ណាស់ ម៉ែប្រឹងសម្រាកទៅ ល្ងាចចាំខ្ញុំនាំទៅពេទ្យ ! ហើយកុំចេះតែហូបចំណីផ្តេសផ្តាសទៀត ។
– «ពេលម៉ែស្លាប់ទៅ» ម៉ែ…ហេតុអីក៏ទុកខ្ញុំចោល ម៉ែម៉េចក៏អាត្មានិយមមិនគិតកូនចៅសោះចឹង ពុទ្ធោម៉ែ…!!!
នៅមានរឿងជាច្រើនទៀតដែលកូនខ្លះបានពោលថាឱ្យ «ម៉ែ» ទាំងដែលខ្លួនមិនទាន់បានធ្វើអ្វីជាដុំកំភួនជូនគាត់សូម្បីប៉ុនក្រចកដៃ ។ យ៉ាងណា សរុបមកស្ត្រីដែលជា «ម៉ែ» ទោះជាទទួលរងនូវការនិយាយពោលពាក្យទាំងនេះក៏ដោយ ក៏មិនដែលបាននិយាយពាក្យថា ហត់ ពិបាក មិនសប្បាយចិត្ត គ្មានលុយ មិនស្រួលខ្លួន ទៅកាន់កូនទាំងឡាយដែរ ប៉ុន្តែបែរជាម៉ែដែលមានតែស្នាមញញឹម ទឹកភ្នែកកក់ក្តៅ ស្នាមជ្រួញលើមុខ ដៃជើងក្រិន និង ក្តីមេត្តាករុណា មិនស្តីបន្ទោសលើកូន ដែលម៉ែម្នាក់នេះស្រឡាញ់លើសពីជីវិតនោះឡើយ ។
រូបភាពក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី»
ក្រោយអានអត្ថបទនេះរួចហើយ តើអ្នកយល់យ៉ាងណា ? នេះគ្រាន់តែជាការលើកឡើងមួយជ្រុងជាគតិសម្រាប់គិតពិចារណាតែប៉ុណ្ណោះ ថាអ្នកនឹកចង់ពោលពាក្យមិនគួរសម និង ធ្វើដាក់ «ម៉ែ» បែបនេះទៀតឬយ៉ាងណា ? សូមគិតឡើងវិញក្នុងនាមជាកូន ព្រោះក្នុងមួយជីវិតយើងមិនមាន ម៉ែ ច្រើននាក់ឡើយ ? សូមឈប់ធ្វើបែបនេះដាក់គាត់ទៀតទៅ ហើយយកពេលដែលពោលពាក្យមិនល្អនោះមកបង្កើតរឿងសប្បាយដល់គាត់ឱ្យបានច្រើនវិញល្អជាង ។ ចុងបញ្ចប់នេះ តើអ្នកដែលជាកូនៗចង់និយាយអ្វីខ្លះទៅកាន់ «ម៉ែ» ? ចំពោះខ្ញុំនឹងមិនឱ្យកើតរឿងបែបនេះឡើយ ចុះអ្នកវិញ ?
ដោយ ៖ សាកល