មនុស្សចរិតតួឯកនៅកន្លែងការងារ ច្រើនតែគេស្អប់ ច្រើនជាងស្រឡាញ់
មានសមត្ថភាពបំពេញការងារ មានឱកាសឡើងប្រាក់បៀវត្សញឹកញាប់ ជារឿងល្អមួយសម្រាប់អ្នកដែលពូកែធ្វើការ តែយ៉ាងណាភាពអំនួត ក្អេងក្អាង មើលអ្នកដទៃទាបជាងខ្លួនគួរតែជៀសវាង ព្រោះចរិតបែបនេះមានតែអ្នកស្អប់ប៉ុនណោះ ។ ប្រសិនបើពូកែ មានសមត្ថភាព បូកថែមទាំងចំណុចពិសេស ដូចខាងក្រោមនេះ អ្នកនឹងក្លាយជាបុគ្គលិកដែលអ្នកដទៃផ្ដល់តម្លៃបំផុត ៖
១. បើកចិត្តទទួលយកការកែប្រែពីអ្នកដទៃ
ដ្បិតថាលេចធ្លោជាងគេក្នុងចំណោមក្រុមការងារ តែចំណុចខ្លះរបស់យើង អាចធ្វើឱ្យមនុស្សជុំវិញខ្លួនទើសទាល់ចិត្ត ជួនកាលអាចជាពាក្យសម្ដីនិយាយទៅ ឬ កាយវិការណាមួយ ។ គួរទទួលយកយោបល់អ្នកដទៃមកកែប្រែចំណុចខ្វះខាតរបស់ខ្លួន កុំគិតថាអ្នកដទៃគ្មានសិទ្ធិកែលម្អខ្លួនឱ្យសោះ ។
២. មិនមែនគំនិតរបស់ខ្លួនឯងសុទ្ធតែល្អទាំងអស់ឡើយ
ក្នុងគម្រោងអ្វីមួយក៏ដោយ កុំព្យាយាមយកគំនិតខ្លួនមកបង្ហាញទាំងស្រុង ហើយគិតថាវាជាជម្រើសចុងក្រោយ សម្រាប់ការអនុវត្តផែនការ ។ ការមានគំនិតល្អៗជាចំណុចពិសេសមួយ តែគួរផ្ដល់ឱកាសឱ្យអ្នកជុំវិញខ្លួនបានបង្ហាញអំពីគំនិតរបស់គេ ជួនកាលវាអាចល្អជាងអ្វីដែលអ្នកបានគិតផង ។
៣. មិនមែនអ្នកដទៃគេមិនចេះឡើយ
មនុស្សម្នាក់ៗសុទ្ធតែមានសមត្ថភាពរៀងៗខ្លួន តែគ្រាន់មនុស្សខ្លះមិនចេះវាយឫក មិនចេះអួតអាង មិនពូកែធ្វើចរិតតួឯកតែប៉ុនណោះ ។ ដូច្នេះហើយគួរធ្វើអត្តចរិតឱនលំទោន រឿងខ្លះមិនចាំបាច់ចេះគ្រប់រឿងក៏បាន ព្រោះជួនកាលថ្ងៃណាមួយអ្នកដែលមិនពូកែនិយាយ មិនចេះអួតអាង អាចសម្រេចកិច្ចការធំៗជាងអ្នកក៏ថាបាន ។
៤. មិត្តភាពកាន់តែច្រើននៅកន្លែងការងារកាន់តែធ្វើឱ្យអ្នកចង់បំពេញការងារ
ភាពមានតែឯង មិនយកភ្នែកមើលអ្នកដទៃ ជាហេតុនាំឱ្យមនុស្សជាច្រើន មិនហ៊ានចូលក្បែរអ្នកឡើយ ដែលនាំឱ្យអ្នកឯកា ។ ធ្វើខ្លួនសាមញ្ញៗ រួសរាយរាក់ទាក់ជាមួយបុគ្គលិកដូចគ្នា នោះនឹងនាំឱ្យអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួន ហើយកាន់តែធ្វើឱ្យអ្នកដទៃកោតសរសើរពីអត្តចរិតអ្នក បន្ថែមលើសមត្ថភាពដែលមាន ៕
រូបតំណាង
អត្ថបទ ៖ រាជ