នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសមួយ ស្ដីពី ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ជួយសម្រួលដល់ជីវភាពការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ចំពោះមុខទំនិញផលិតក្នុងស្រុកដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃមានដូចជា៖
១. សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
២. ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។
៣. ត្រីទឹកសាប ឬត្រីប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្ដាម និង សិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
៤. ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់។
៥. អំបិលគ្រប់ប្រភេទ។
៦. ទឹកត្រី ឬទឹកស៊ីអ៊ីវគ្រប់ប្រភេទ។
ជាមួយគ្នានេះដែរ ខាងក្រសួងក៏បានបញ្ជាក់ទៀតថា អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារជាមូលដ្ឋានដូចដែលបានរៀបរាប់ខាងលើនេះ ត្រូវបានចាត់ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ ២០២៨ ហើយការចាត់ជាបន្ទុករបស់រដ្ឋលើតម្លៃបន្ថែមនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕

