ដឹងហើយគួរបន្ថយខ្លះក៏ល្អ ងូតទឹកក្ដៅឧណ្ហៗ ឬ ត្រាំទឹកក្តៅច្រើនពេក មានបញ្ហាសុខភាពច្រើនណាស់
ការងូតទឹកក្តៅឧណ្ហៗផ្តល់អត្ថប្រយោជន៍ល្អច្រើនដល់សុខភាព ប៉ុន្តែការងូតទឹកក្ដៅឧណ្ហៗពេក វាក៏មានគុណវិបត្តិផងដែរ ដែលភាគច្រើនគុណវិបត្តិនៃការងូតទឹកក្តៅ ឧណ្ហៗបណ្តាលមកពីការងូតទឹកដែលមានសីតុណ្ហខ្ពស់ខ្លាំងពេក គុណវិបត្តិទាំងនោះមានដូចជា ៖
១. ងូតទឹកជាមួយទឹកក្តៅខ្លាំងពេក មានឱកាសធ្វើឱ្យស្បែកស្ងួតងាយ ដោយសារតែទឹកនៅសីតុណ្ហភាពខ្ពស់នឹងលាងសម្អាតប្រេង ឬ ខ្លាញ់នៅលើស្បែកអស់ ដូច្នេះហើយទើបធ្វើឱ្យស្បែកបាត់បង់សំណើម និង បណ្តាលឱ្យស្បែករបក ឬ ស្ងួត ។
២. ក្នុងករណីស្រីៗចូលចិត្តត្រាំក្នុងទឹកក្តៅដែលមានសីតុណ្ហភាពខ្ពស់យូរជាង ៣០ នាទី មានចំណែកក្នុងការធ្វើឱ្យឈាមរត់ទៅផ្គត់ផ្គង់ខួរក្បាលមិនគ្រប់គ្រាន់ ហើយអាចបណ្តាលឱ្យងងឹតមុខ និង វិលមុខ ។
៣. ការកក់សក់ជាមួយទឹកក្តៅធ្វើឱ្យសក់ស្ងួតខូច ហើយក៏ធ្វើឱ្យកើតអង្គែផងដែរ នេះដោយសារតែទឹកក្តៅបំផ្លាញប្រេង ឬ ខ្លាញ់នៅលើស្បែកក្បាលអស់ ។
៤. សម្រាប់អ្នកដែលមានជំងឺបេះដូង ជំងឺលើសឈាម និង ជំងឺដែលទាក់ទងនឹងសរសៃឈាម គួរជៀសវាងការងូតទឹកក្ដៅដែលមានសីតុណ្ហភាពខ្ពស់ពេក ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ៕