(17:00pm-Sat) គួរដឹងផង! ពិសាអាហារច្រើនពេកនៅពេលល្ងាច ធ្វើឱ្យស្បែកឆាប់ចាស់
តើអ្នកតែងតែពិសាអាហារលេងនៅពេលយប់ទេ? អ្នកគួរកាត់បន្ថយទម្លាប់នេះទៅ ពីព្រោះវានឹងប៉ះពាល់ដល់សុខភាពស្បែករបស់អ្នក នេះបើយោងតាមការសិក្សាមួយពីសាកលវិទ្យាល័យ University of Texas Southwestern Medical Center នៅសហរដ្ឋអាមេរិក ។
ការសិក្សានេះក៏បានរកឃើញដែរថា អ្នកក៏មិនគួរពិសាអាហារពេលល្ងាចក្នុងបរិមាណច្រើននោះដែរ ព្រោះវានឹងធ្វើឱ្យស្បែកងាយទទួលរងជាំដោយកម្តៅថ្ងៃ ស្បែកឆាប់ចាស់ និង អាចឈានទៅកើតជំងឺមហារីកស្បែកផងដែរ នេះបើយោងតាមការសិក្សាដែលនាំដោយលោកសាស្ត្រាចារ្យ Joseph S. Takahashi ប្រធានផ្នែកវិទ្យាសាស្ត្រសិក្សាពីសរសៃប្រសាទមកពីសាកលវិទ្យាល័យខាងលើបានឱ្យដឹង ។
ការសិក្សានេះគឺបានសាកល្បងទៅលើសត្វកណ្តុរយ៉ាងល្អិតល្អន់ ដោយផ្តល់របបអាហារ និង សំដិលត្រូវកាំរស្មីអ៊ុលត្រាវីយ៉ូឡេត B (UVB) នៅពេលថ្ងៃច្រើនជាងពេលយប់ដើម្បីពិនិត្យតាមដានសិក្សា ។ ជាលទ្ធផលសារធាតុអង់ស៊ីម (enzyme) ដែលទៅជួសជុលកោសិកាដែលរងខូចដោយកាំរស្មី មានការថយចុះ និង មិនសូវមានសកម្មភាពខ្លាំងការពារស្បែកនៅពេលស្បែកត្រូវកម្តៅថ្ងៃនោះទេ ។
តាមរយៈលទ្ធផលនេះ អ្នកស្រាវជ្រាវបានស្នើឱ្យអ្នកគួរកំណត់របបអាហារឱ្យបានទៀងទាត់ និង កុំពិសាអាហារសម្រន់លេងច្រើននៅពេលមុនចូលគេង ។ លទ្ធផលនៃការសិក្សានេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Cell Reports ៕
ដោយ៖ សុផល
ប្រភព៖ zeenews.india