អង្គុយធ្វើការយូរម៉ោង អាចប្រឈមការស្លាប់មុនអាយុ
ប្រសិនបើអ្នកអង្គុយធ្វើការច្រើនពេក អ្នកនឹងប្រឈមនឹងការឡើងទម្ងន់មិនខាន ក្រៅពីនេះប្រសិនបើអ្នកមមាញឹកខ្លាំង និង រកពេលចេញទៅបន្ទប់ទឹកស្ទើរតែមិនបានសោះនោះ អ្នករឹតតែអាចប្រឈមមុខនឹងជំងឺមួយចំនួនដូចជា ធាត់លើសទម្ងន់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ឈឺចង្កេះ ពុកឆ្អឹង ប្រឈមនឹងជំងឺមហារីកផ្សេងៗ និង ជំងឺមួយចំនួនទៀត ។
ហើយបើតាមការសិក្សាមួយនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ការអង្គុយធ្វើការងារយូរពេកជាប្រចាំថ្ងៃ គឺអាចប្រឈមនឹងការស្លាប់មុនអាយុច្រើនជាងអ្នកធ្វើការងារដែលបានបញ្ចេញពលកម្ម និង មានសកម្មភាពរាងកាយសកម្ម ។ ហើយបើទោះជាអ្នករវល់ខ្លាំងយ៉ាងណាក្តី ប្រសិនបើអាចចំណាយពេល យ៉ាងហោចណាស់ដើរចុះឡើងតិចៗ នៅរាល់ចន្លោះ កន្លះម៉ោងម្តង ឬត្រឹមតែក្រោកឈរដើរខ្លះនោះក៏អាចជួយកាត់បន្ថយការស្លាប់មុនអាយុបានខ្លះដែរ ។
ការសិក្សាថ្មីនេះត្រូវបានគេធ្វើការសិក្សាទៅលើមនុស្សពេញវ័យចំនួន ៧៩ ៨៥ នាក់ ដែលមានអាយុ ៤៥ ឆ្នាំឡើងទៅ ដោយតម្រូវឱ្យពាក់ឧបករណ៍តាមដានចលនារាងកាយវាស់នូវជំហាន និង សកម្មភាពរយៈពេលមួយសប្តាហ៍ ។ ក្នុងនោះ ៧៧ ភាគរយ ច្រើនបំពេញការងារចំនួន ១២ ម៉ោងក្នុងមួយថ្ងៃ ។
ហើយគេបានធ្វើការប្រៀបធៀបទៅនឹងក្រុមអ្នកធ្វើការមានសកម្មភាពរាងកាយសកម្ម ដោយរកឃើញថាអ្នកដែរអង្គុយធ្វើការច្រើន គឺមានអត្រាស្លាប់ ២ ដង និង ស្លាប់ដោយមូលហេតុផ្សេងៗក្នុងអំឡុងពេលសិក្សា ។
ជាលទ្ធផលតាមការសិក្សានេះគេអាចសន្និដ្ឋានថា ការអង្គុយធ្វើការច្រើន គឺពិតជាប្រឈមនឹងការស្លាប់មុនអាយុពិតមែននេះបើយោងតាមលោកវេជ្ជបណ្ឌិត David Alter មកពីសាកលវិទ្យាល័យ University Health Network-Toronto Rehabilitation Institute ក្នុងប្រទេសកាណាដា ។ ដូច្នេះបើអ្នកចង់រស់នៅបានអាយុវែង អ្នកគួរធ្វើសកម្មភាពរាងកាយខ្លះ ដូចជាដើរ រត់ និង លេងកីឡា ឬសូម្បីតែការដើរចុះដើរឡើងតិចៗ ក្នុងការិយាល័យ ពិតចាអាចជួយបានខ្លះដែរ ៕
ដោយ៖ សុផល
ប្រភព៖ Zeenews.com