៨ យ៉ាងដែលអ្នកគួរធ្វើ ប្រសិនបើចង់មានសុខភាពល្អ និង ចៀសឆ្ងាយពីជំងឺមហារីក !
ប្រសិនបើអ្នកចង់បានសុខភាពល្អ ជាពិសេសចង់កាត់បន្ថយហានិភ័យឆ្ពោះទៅរកជំងឺមហារីក អ្នកគួរធ្វើរឿងងាយៗ ៨ យ៉ាងខាងក្រោមនេះជាប្រចាំ ។
វាមិនជាពិបាកពេកទេ តែប្រសិនបើអនុវត្តទាំង ៨ យ៉ាងនេះម្តងទាំងអស់មិនទាន់បាន អ្នកគួរចាប់ផ្តើមម្តងមួយៗ ទម្លាប់ខ្លួនឱ្យហើយ ។
១/ រក្សាទម្ងន់ ៖ ត្រូវព្យាយាមឧស្សាហ៍ពិនិត្យទម្ងន់របស់ខ្លួន ដោយមិនត្រូវឱ្យស្រកទម្ងន់ពេក ឬ ឡើងទម្ងន់ពេក តែប្រសិនបើអ្នកដឹងថា ខ្លួនធាត់ខ្លាំងហើយនោះ គប្បីមិនបណ្តោយឱ្យខ្លួនធាត់ខ្លាំងជាងនេះទៀតនោះទេ ។
២/ ហាត់ប្រាណជាប្រចាំ ៖ អ្នកប្រាកដជាដឹងពីផលប្រយោជន៍ជាច្រើននៃលំហាត់ប្រាណ ហើយប្រសិនបើអ្នកអាចចំណាយពេលត្រឹម ៣០ នាទីក្នុងមួយថ្ងៃ ដើម្បីហាត់ប្រាណនោះ វាក៏ជួយអ្នកបានច្រើនដែរ តែបើអាចចំណាយពេលច្រើនជាងនេះទៀត កាន់តែល្អ ។
៣/ កុំជក់បារី ៖ បារីផ្តល់ឥទ្ធិពលអាក្រក់ជាច្រើនដល់សុខភាពដូចដែលអ្នកដឹងស្រាប់ ហេតុនេះប្រសិនបើអ្នកជាមនុស្សដែលជក់បារី គប្បីកាត់ផ្តាច់ម្តងបន្តិចៗ រហូតផ្តាច់ទាំងស្រុងតែម្តង ។
៤/ ញ៉ាំរបបអាហារដែលធ្វើឱ្យសុខភាពល្អ ៖ អ្នកគួរញ៉ាំអាហារឱ្យបានច្រើនប្រភេទ ចៀសជាងញ៉ាំច្រើន ព្រោះប្រភេទអាហារផ្សេងគ្នា ផ្តល់សារធាតុចិញ្ចឹមផ្សេងគ្នាដល់រាងកាយ ។
៥/ កុំផឹកជាតិអាល់កុលជ្រុលហួសហេតុពេក ៖ នេះមិនមែនហាមឃាត់មិនឱ្យអ្នកផឹកជាតិអាល់កុលទេ តែបើអ្នកផឹកច្រើនពេក ហានិភ័យនៃជំងឺមហារីកនឹងកើនឡើង តែបើអ្នកផឹកល្មមៗនោះ វាក៏អាចជួយអ្នកបានច្រើនដែរ ។
៦/ ការពារខ្លួនអ្នកពីព្រះអាទិត្យ ៖ ប្រសិនបើអ្នកនៅក្រោមពន្លឺព្រះអាទិត្យច្រើនពេកនោះ វាអាចនឹងធ្វើឱ្យស្បែករបស់អ្នកមានបញ្ហា ហើយជំងឺមហារីកស្បែកក៏អាចកើតមានដោយមិនដឹងខ្លួនផងដែរ ។
៧/ ការពារខ្លួនអ្នកពីជំងឺដែលឆ្លងតាមការរួមភេទ ៖ ជំងឺដែលឆ្លងតាមការរួមភេទ ជាពិសេសកាមរោគ អាចធ្វើឱ្យអ្នកពាក់ព័ន្ធនឹង ជំងឺមហារីកជាច្រើនប្រភេទ ហេតុនេះបើអ្នកចេះការពារខ្លួនពីជំងឺនេះ ហានិភ័យដែលឆ្ពោះទៅរកជំងឺមហារីកក៏កាត់បន្ថយដែរ ។
៨/ ឧស្សាហ៍ទៅពិនិត្យសុខភាព ៖ ការពិនិត្យសុខភាព ៣ ខែម្តង ឬ ៦ ខែម្តងជារឿងដ៏សំខាន់សម្រាប់អ្នក ព្រោះប្រសិនបើអ្នកមានបញ្ហាសុខភាព ឬ ផ្ទុកជំងឺមហារីក គ្រូពេទ្យនឹងអាចជួយអ្នកទាន់ទេ ៕
ដោយ៖ រិទ្ធី (ប្រភព ៖ Siteman)