អ្នកវិទ្យាសាស្រ្តរកឃើញ វិធីចិញ្ចឹមកោសិកាមេជីវិតមនុស្ស បានជោគជ័យក្នុងមន្ទីរពិសោធន៍
នៅក្នុងរបកគំហើញដ៏ធំមួយដែលបានត្រួសត្រាយផ្លូវក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាល និង ត្រូវបានគេជឿថានឹងអាចជួយដោះស្រាយ និង ព្យាបាលបញ្ហាអត់កូនបានក្នុងពេលអនាគតឆាប់ៗខាងមុខ ។
អ្នកវិទ្យាសាស្ត្រមួយក្រុមនៅទីក្រុង New York និង Edinburgh បានពិសោធដោយជោគជ័យនូវការចិញ្ចឹមកោសិកាស៊ុតមេជីវិតរបស់មនុស្ស ឱ្យធំពេញវ័យបាន ។ នេះជាវិធីសាស្ត្រថ្មីមួយដែលអាចបង្កើតពងមេជីវិតពីដំណាក់កាលដំបូងនៃកោសិកាស៊ុតនឹងរីកលូតលាស់ក្នុងមន្ទីរពិសោធន៍ ។
គួរបញ្ជាក់ថាកាលពីមុនអ្នកស្រាវជ្រាវក៏ធ្លាប់ពិសោធបានជោគជ័យផងដែរទៅនឹងកោសិកាស៊ុតរបស់សត្វកណ្តុរ ខណៈពេលនេះកោសិកាស៊ុតរបស់មនុស្សត្រូវបានបណ្តុះចិញ្ចឹមបានដោយជោគជ័យជាលើកដំបូង ។
ក្នុងសេចក្តីថ្លែងការណ៍មួយពីសាកលវិទ្យាល័យ Edinburgh បានឱ្យដឹងថា នេះជាការសិក្សាចុងក្រោយដែលទទួលបានជោគជ័យធំបំផុតសម្រាប់មនុស្សជាតិ ៕ សុផល (ប្រភព៖ sciencedaily.com)