កុមារក្រោមអាយុ ៤ ឆ្នាំ ខ្សោយសតិប្រាជ្ញាអាចប្រឈមជំងឺផ្លូវចិត្ត !
កុមារដែលមានវ័យក្មេងចាប់ពី ៤ ឆ្នាំចុះក្រោម ដែលមានកម្រិតថយចុះនៃភាពវៃឆ្លាត និង រៀនខ្សោយអាចមានហានិភ័យខ្ពស់នៃការវិវត្តកើតជំងឺផ្លូវចិត្ត និង វិកលចរិកនៅពេលពេញវ័យ ។
អ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលវិវឌ្ឍកើតជំងឺផ្លូវចិត្តនៅពេលឈានដល់ពេញវ័យមានពិន្ទុកម្រិតសតិប្រាជ្ញា (IQ) ធម្មតាចាប់ពីកើតមក ប៉ុន្តែនៅពេលឈានដល់អាយុ ៤ ឆ្នាំទៅ កម្រិតសតិប្រាជ្ញាថយចុះនោះ នេះមានន័យថា ពួកគេអាចប្រឈមនឹងវិបត្តិផ្លូវចិត្ត ។
សូមបញ្ជាក់ថាបញ្ហាផ្លូវចិត្តមិនមែនមានត្រឹមតែនៅវ័យជំទង់នោះទេ វាមានសញ្ញាមួយចំនួនដែលអាចកើតមាននៅមុនពេលឈានដល់ពេញវ័យទៅទៀត ហើយអាការទាំងនោះវច្រើនបង្ហាញដូចជា ការភ្លេចភ្លាំង និង ភាំងៗជាដើម និង កាន់តែធ្ងន់ធ្ងរទៅៗទៅតាមពេលវេលា នេះបើយោងតាមលោក Josephine Mollon អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ King College ក្នុងទីក្រុងឡុង ។
អ្នកស្រាវជ្រាវបានលើកឡើងថាទោះជាយ៉ាងណាក៏ដោយ មិនមែនកុមារទាំងអស់សុទ្ធតែកើតមានបញ្ហានេះ និង អាចវិវត្តទៅជាជំងឺវិកលចរិកធ្ងន់ធ្ងរទាំងអស់នោះទេ ។ នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត JAMA Psychiatry ៕ សុផល (ប្រភព៖ zeenews.com)