អុញនុះ! ញ៉ាំម្ទេសច្រើនពេក ប្រឈមនឹងជំងឺបាត់បង់ការចងចាំខ្ពស់
ការសិក្សាថ្មីមួយបានបង្ហាញថា ការទទួលទានម្ទេសហួសប្រមាណអាចបណ្តាលឱ្យបាត់បង់ការចងចាំ និង ភ្លេចភ្លាំង ។
ការសិក្សាលើមនុស្សជាង ៤ ៥០០ នាក់ បានរកឃើញថា អ្នកដែលទទួលទានម្ទេស ៥០ ក្រាមក្នុងមួយថ្ងៃ មានឱកាសទ្វេដងចំពោះការចងចាំមិនល្អ ។ ការទទួលទានម្ទេសច្រើន ត្រូវបានផ្សារភ្ជាប់ទៅនឹងភាពចុះអន់ខ្សោយការចងចាំ ៥៦% ក្នុងរយៈពេល ១៥ ឆ្នាំ ។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវបានបង្ហាញ ។
ទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Zumin Shi ដែលដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Qatar University លើការស្រាវជ្រាវនេះ បាននិយាយថា “ម្ទេស ត្រូវបានរកឃើញថាមានអត្ថប្រយោជន៍ចំពោះទម្ងន់ដងខ្លួន និង សម្ពាធឈាម ក្នុងការសិក្សាមុនៗ ។ យ៉ាងណាក៏ដោយ នៅក្នុងការសិក្សានេះ យើងបានរកឃើញឥទ្ធិពលអវិជ្ជមានទៅលើការយល់ដឹង និង ភាពចងចាំ ចំពោះមនុស្សវ័យចំណាស់ (អាយុចាប់ពី ៥៥ ឆ្នាំឡើង)” ។
គួរឱ្យដឹងដែរថា ម្ទេស គឺជាគ្រឿងទេសដែលគេនិយមប្រើខ្លាំងបំផុតលើពិភពលោក ជាពិសេសគឺនៅតំបន់អាស៊ីតែម្តង ៕
ប្រភព ៖ Dailymail