ស្គាល់ដើមរការទេ? នេះជាផលប្រយោជន៍នៃដើមរការ ដែលអ្នកកម្របានដឹង
មិនអត់ប្រយោជន៍ទេចំពោះដើមរការ ដែលដើមវាមានបន្លាហើយចាស់ៗតែងនិយាយបន្លាចថាអ្នកលួចប្តីប្រពន្ធគេប្រយ័ត្នពេលស្លាប់ទៅឡើងរការដែក ពោលគឺវាអាចព្យាបាលជំងឺបានមួយចំនួន ។ ដើមរការមានឈ្មោះវិទ្យាស្ត្រ Bombax insigne Wall លក្ខណៈរុក្ខជាតិគឺជាឈើធំមានកំពស់ពី ២០-៣០ ម៉ តែងរង្គោះស្លឹកតាមរដូវ ។ ដើមគ្របទៅដោយបន្លារាងសាជី និង ស្លឹកទន់រាងកង្ហាមានកូនស្លឹក ៣-៧ រាងផ្លែលំពែងទ្រវែងប្រវែង ១០-២០ ស.ម៉ ។
ផ្ការបស់វាធំៗប្រវែង ៨-១០ ស.ម៉ ពណ៌ក្រហមស្រស់ ចេញមុនពេលលាស់ត្រួយ ។ ផ្លែប្រវែង១០-១៥ ស.ម៉ សម្បករឹងរាងទ្រវែងសំយ៉ុងចុះក្រោម មាន ៥ សន្ទះបណ្ដោយផ្លែ ព្រមទាំងមានរោមដូចសូតពណ៌ស មានគ្រាប់ច្រើនប្រវែង ៧-៨ ម.ម៉ រាងដូចស៊ុតរុំដោយសំឡីពណ៌ស ។ រុក្ខជាតិនេះដុះដោយខ្លួនឯងតាមតំបន់ទំនាប ដីទួល ដីភ្នំ នាព្រៃរបោះ និង ជាយព្រៃ ។ គេអាចប្រើប្រាស់ ឫស ផ្លែ ផ្កា សម្បកដើម ស្លឹក គ្រាប់ ជ័រ ។ ឫសនៃដើមរការ សម្រាប់ព្យាបាល រាកមួល ប្រមេះទឹកបាយ និង ឈឺសន្លាក់ឆ្អឹង ដាំទឹកផឹកកម្រិត ១០-២០ ក្រាម ក្នុង ១ ថ្ងៃ ។ ផ្កាក្រៀម ដាំទឹកផឹកព្យាបាលរាកមួល ក្នុងកម្រឹត ២០-៣០ ក្រាម ក្នុង ១ ថ្ងៃ ។
សម្បកដើម ដាំទឹកផឹក ប្រើជាថ្នាំសម្រាប់ឃាត់ឈាម និង ធ្វើឱ្យនោមច្រើនប្រើកម្រិត ១០-២០ ក្រាម ក្នុង ១ ថ្ងៃ ។ ស្លឹកព្យាបាលនោមទាស់ ។ ជ័រចេញពីដើមសម្រាប់ព្យាបាល រាកមួល គ្រុនក្ដៅ ឈាមរដូវ ធ្លាក់ច្រើនខុសប្រក្រតីកម្រិតប្រើ ៤-៨ ក្រាម ក្នុង ១ ថ្ងៃ ។ គ្រាប់វាប្រើជាថ្នាំធ្វើឱ្យចេញទឹកដោះច្រើន ប្រមេះទឹកបាយ រលាកប្លោកនោមរ៉ាំរ៉ៃ បុកបំបែករួចដាំទឹកផឹកកម្រិត ១០-២០ ក្រាម ក្នុង ១ ថ្ងៃ ៕
ប្រភព៖មន្ដអាគម និង ឱសថបុរាណ