គ្រាន់តែអានសៀវភៅ ១០ នាទី ឱ្យកូនស្តាប់ អាចជួយពង្រឹងសមត្ថភាពខួរក្បាលពួកគេ
មាតាបិតា និង គ្រូពេទ្យកុមារជាច្រើនបានដឹងហើយថា ការអានឱ្យទារកស្តាប់គឺជារឿងល្អ ប៉ុន្តែតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថាការអានសៀវភៅ ឬរូបភាពអ្វីមួយត្រូវតែជ្រើសរើសឱ្យបានត្រឹមត្រូវ និង ច្បាស់លាស់ជាពិសេសគេបានស្នើឱ្យគួរតែអានរៀបរាប់ពី ឈ្មោះមនុស្ស ស្លាកសញ្ញា ទីកន្លែង និង វត្ថុប្រើប្រាស់ផ្សេងៗ គឺជាការប្រសើរដើម្បីជួយឱ្យទារកឆាប់ទទួលបានព័ត៌មាន និង ឈ្វេងយល់ពីរបស់នៅជុំវិញខ្លួន ។
ក្នុងកំឡុងពេលសិក្សាគេបានតម្រូវឱ្យឪពុកម្តាយអានឱ្យកូនរបស់ពួកគេស្តាប់នៅផ្ទះតាមកាលកំណត់ ដោយមានការអានសៀវភៅដែលមានរយៈពេលយ៉ាងហោចណាស់ ក៏ ១០ នាទី ជារៀងរាល់ថ្ងៃរយៈពេលពីរសប្តាហ៍ដំបូង និង ឆ្លាស់ថ្ងៃគ្នានៅពីរសប្តាហ៍បន្ទាប់ និង បន្ថយបន្តិចម្តងៗរហូតដល់ទារកឈានដល់វ័យ ៩ ខែ ។
ការអានបែបនេះ ជាវិធីដ៏ល្អមួយដើម្បីជួយពង្រឹងអភិវឌ្ឍន៍សមត្ថភាពខួរក្បាលទារកក្នុងឆ្នាំដំបូងនៃជីវិត ហើយវាក៏ជួយបង្កើតនូវបរិយាកាសរីករាយ និង សម្រាលភាពតានតឹងក្នុងគ្រួសាររវាងឪពុកម្ដាយ និង ទារកផងដែរ ។ ហើយនេះក៏ជាការជំរុញឱ្យទារករៀននិយាយតបជាមួយឪពុកម្តាយថែមទៀតផង ៕
ប្រភព៖ sciencedaily.com