រៀនធ្វើ «ទឹកខ្ទិះ» ឆ្ងាញ់ ញុំាជាមួយពោតអាំងខ្លួនឯង ស្រួលណាស់
ពោតអាំង គឺជាអាហារសម្រន់ម្យ៉ាងសមនឹងពេលវេលាដែលមានអាកាសធាតុត្រជាក់ៗ ឬ ក្រោមមេឃកំពុងភ្លៀង និង ក្រោយភ្លៀង ។ ក្នុងនោះជាមួយនឹងក្លិនឈ្ងុយៗ ព្រមទាំងបន្ថែមទឹកខ្ទិះពីលើពេលដែលអាំងហើយក្តៅភ្លាមៗទៀតនោះ កាន់តែធ្វើឲ្យរសជាតិពោតអាំងឆ្ងាញ់ជាប់មាត់ ។ ខាងក្រោមនេះ «ប្រជាប្រិយ» នឹងបង្ហាញលោកអ្នកពីវិធីពោតអាំងទឹកខ្ទិះ ដែលមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន ហើយខាងក្រោមនេះគឺជារូបមន្តធ្វើពោតអាំងទឹកខ្ទិះ ៖
គ្រឿងផ្សំ ៖ ពោត ៨-១០ ផ្លែ, ខ្ទិះដូង ១ ចានគោមល្មម, ស្លឹកខ្ទឹម ២ ដើមហាន់ល្អិតៗ, ស្ករ ២០០ ក្រាម, អំបិល កន្លះស្លាបព្រាកាហ្វេ ។
វិធីធ្វើ
១-ដាំឆ្នាំងចាក់ខ្ទិះដូងចូលរម្ងាស់ប្រហែល ១០ នាទី រួចដាក់ស្ករ និង អំបិលចូលកូរឲ្យសព្វចូលគ្នា រម្ងាស់ប្រហែល ១៥ នាទីទៀត ចាំបិទភ្លើងទុកឲ្យត្រជាក់បន្តិច ហើយសឹមដាក់ស្លឹកខ្ទឹមចូល ទុកមួយអន្លើ ។
២-យកពោតមកបកសំបកចេញ ដាក់អាំងឲ្យឆ្អិនបានសព្វល្អ (ប្រើភ្លើងតិចៗល្មម) រួចយកមកលាបទឹកខ្ទិះដូងឲ្យសព្វ ហើយយកទៅដាក់អាំងបន្តិចៗទៀត បន្ទាប់ពីអាំងបន្តិចហើយយកវាមកលាបខ្ទិះដូងម្តងទៀត នោះលោកអ្នកនឹងទទួលបានពោតអាំងខ្ទិះដូងយ៉ាងឈ្ងុយឆ្ងាញ់មិនខាន ៕
ប្រភព៖ អ៊ាង សុផល្លែត