ពិតណាស់ ក្រោយប្រាប់ពីដំណឹងនៃរឿងមង្គលការ ព្រមទាំងបានបង្ហាញសកម្មភាពថត Pre-Wedding ជាច្រើនខែ បវរកញ្ញា រ៉េត សារីតា និង គូស្នេហ៍ គឺលោក Tomas Gimenez ក៏បានរកវេលាល្អកំណត់ថ្ងៃពិសេសច្បាស់ៗ ដែលបវរកញ្ញារូបនេះ បានប្រកាសលើបណ្ដាញសង្គមថា នាងនឹងក្លាយជាកូនក្រមុំក្នុងរោងជ័យនៅចុងឆ្នាំ ២០២៥ នេះហើយ។

ដោយឡែក បន្ទាប់ពីបវរកញ្ញា រ៉េត សារីតា បង្ហាញសកម្មភាពធ្វើកម្មវិធីលាភាពនៅលីវជាមួយមិត្តភក្តិជាច្រើនយ៉ាងមានក្ដីសុខ មកដល់ថ្មីៗនេះ បវរកញ្ញារូបនេះ និង អនាគតស្វាមី ក៏បានរៀបចំធៀបការ សម្រាប់អញ្ជើញភ្ញៀវចូលរួមពិធីមង្គលការរបស់អ្នកទាំងពីរហើយដែរ។


ជាមួយគ្នានោះ អ្វីដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះការរៀបចំនៃពិធីមង្គលរបស់បវរកញ្ញា រ៉េត សារីតា និង អនាគតស្វាមី ខណៈបានឃើញការបង្ហោះរបស់លោក ម៉ែន រ័ត្ននិមល បង្ហាញពីធៀបការរបស់អ្នកទាំងពីរ បានឱ្យដឹងថានឹងត្រៀមរៀបចំពិធីមង្គលរហូតដល់ទៅ ៣ ថ្ងៃឯណោះ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ។ លើសពីនេះ មង្គលការរបស់ អ្នកទាំងពីរ នឹងធ្វើឡើងនៅទីតាំងផ្សេងៗគ្នាលើទឹកដីខេត្តសៀមរាប ដេីម្បីជួយផ្សព្វផ្សាយទេសចរណ៍ សិល្បៈ និង ប្រពៃណីយេីង ដែលមានទាំងកម្មវិធីបែបប្រពៃណីខ្មែរ និង កម្មវិធីបែបអឺរ៉ុបទៀតផង៕






