ប្រមូលបទពិសោធពីម៉ាកអន្តរជាតិល្បីៗ នារីខ្មែរ-ចិនរូបនេះយកមកបង្កើតអភិវឌ្ឍន៍ក្នុងវិស័យហ្វេហ្សិននៅកម្ពុជា កំពុងផ្ទុះល្បី
Tifanny ឬ មានឈ្មោះពេញថា Tifanny Bophadavy Doche នាងជាកូនខ្មែរកាត់ចិន ដែលកើត និង ធំធាត់នៅបារាំង បច្ចុប្បន្ននាងជាម្ចាស់ម៉ាកយីហោសម្លៀកបំពាក់ Revivre Studio និង ជានាយកច្នៃប្រតិដ្ឋនៃម៉ាកនេះនៅកម្ពុជា។
ជាម្ចាស់ម៉ាកយីហោ និង ជាអ្នកច្នៃម៉ូដដ៏មានប្រជាប្រិយភាព Tifanny បានបញ្ចប់ការសិក្សានៅសាលាហ្វេហ្សិន Esmod Fashion Design & Business School នៅប្រទេសបារាំង។ នាងបានធ្វើការឱ្យម៉ាកហ្វេហ្សិនដ៏ល្បី Viktor & Rolf នៅ Amsterdam រាជធានីនៃហូឡង់ និង កន្លែងមួយចំនួនទៀតនៅទីក្រុងប៉ារីសអស់រយៈពេល ៣ ឆ្នាំ ។
នៅឆ្នាំ ២០២១ នាងបានសម្រេចចិត្តចាកចេញពីទីក្រុងប៉ារីស និង បន្តដំណើរអាជីពឆ្ពោះមកកាន់កម្ពុជា។ នៅខែមីនា ឆ្នាំ ២០២២ នាងចាប់ផ្តើមបង្កើតម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួនឈ្មោះថា Revivre Studio ដែលផ្តោតទៅលើសម្លៀកបំពាក់ ready-to-wear និង សម្លៀកបំពាក់កុម្មង់សម្រាប់បុរសនារី។ ពាក្យថា Revivre បង្កប់អត្ថន័យទាក់ទងនឹងបេសកកម្មរបស់ខ្លួនគឺ នាំយកសិល្បៈដែលត្រូវបានបំភ្លេចចោល, ចលនា និង រឿងរ៉ាវប្រវត្តិសាស្ត្រត្រលប់មកកាន់ជីវិត។
សព្វថ្ងៃក្រៅពី Revivre Studio នាងក៏ជាសហស្ថាបនិកនៃ Liaison MGMT ដែលជាភ្នាក់ងារម៉ូឌែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ កន្លងមក ខូឡិកហ្សិនសម្លៀកបំពាក់របស់នាងទទួលបានការចាប់អារម្មណ៍ និង និយមស្លៀកពាក់ពីតារាល្បីៗ អ្នកមានមុខមាត់នៅក្នុងសង្គម Influencer ក៏ដូចជាអ្នកហ្វេហ្សិននិយម។ នាងថែមទាំងពង្រីកម៉ាករបស់ខ្លួនទៅកាន់ទីក្រុងប៉ារីសទឹកដីដែលនាងធ្លាប់រស់នៅធំធាត់ផងដែរ៕