ប្លែកភ្នែក! អ្នកច្នៃម៉ូដ Skor Krob ច្នៃឈុតខ្មែរសហសម័យ ឱ្យម៉ូឌែល ៧ នាក់ដើរពេញទីក្រុងភ្នំពេញ ត្រៀមអបអរពិធីបុណ្យអុំទូក
ថ្មីៗនេះ មហាជនលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំងជាមួយរូបភាពប្រុសស្អាតវ័យក្មេងមួយក្រុម ដែលពួកគេស្លៀកពាក់ក្នុងឈុតបុរាណខ្មែរ ពិសេស មានពាក់វ៉ែនតាខ្មៅ មើលមកស្ទីលលាយឡំបែបបុរាណផង សម័យផង ប្លែកភ្នែកជាខ្លាំង។ ជាការពិតណាស់ ការស្លៀកពាក់ និង ថតនេះ ជាគំនិតបង្កើតឡើងដោយអ្នកច្នៃម៉ូដដ៏ល្បីឈ្មោះគឺ លោក Skor Krob ដែលរូបភាពទាំងនេះ គឺជាសកម្មភាពផលិតវីដេអូផ្សព្វផ្សាយទេសចរណ៍ សម្រាប់ឱកាសបុណ្យអុំទូកខាងមុខ។
ថ្លែងប្រាប់ «ប្រជាប្រិយ» អ្នកច្នៃម៉ូដ Skor Krob បានឱ្យដឹងថា លោកបានជ្រើសរើសម៉ូឌែលបុរសចំនួន ៦ នាក់ និង នារី ១ នាក់។ បុរសកាន់ក្រពុំឈូក រីឯនារីកាន់ប្រទីប ស្លៀកពាក់ក្នុងឈុតបុរាណ ដើរនៅក្នុងទីក្រុងភ្នំពេញតាមទីតាំងសំខាន់ៗ ដើម្បីផ្សព្វផ្សាយទេសចរណ៍ ក៏ដូចជាអបអរព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ។ ឈុតទាំងអស់ច្នៃឡើងដោយលោកផ្ទាល់ និង មិនមានចំណែកណាមួយទិញពីប្រទេសជិតខាងឡើយ។
លោកថាសម្រាប់បុរស ដែលស្លៀកពាក់ក្នុងឈុតបុរាណ មានពាក់វ៉ែនតាខ្មៅ និង ពាក់ស្បែកជើងប៉ាតា លោកចង់ឱ្យទេសចរមើលមកការស្លៀកពាក់មានលក្ខណៈបែបសហសម័យ និង ទាក់ទាញ ដោយតួអង្គនឹងដើរបង្ហាញខ្លួននៅទីតាំងសំខាន់ៗក្នុងទីក្រុងភ្នំពេញ មានកន្លែងទំនើបផង បុរាណផង ដូចជា អគារវឌ្ឍនៈ ផ្សារធំថ្មី មុខព្រះបរមរាជវាំង និង វិមានឯករាជ្យ…ជាដើម។ លោកបញ្ជាក់ទៀតថា សម្រាប់ការស្លៀកពាក់បែបសហសម័យ គឺថតតែនៅទីតាំងទំនើបៗប៉ុណ្ណោះ ចំណែកឯទីតាំងបុរាណ និង ជាទីសក្ការបូជា គឺស្លៀកពាក់បែបឈុតបុរាណសុទ្ធ។
អ្នកច្នៃម៉ូដរូបនេះបន្ថែមទៀតថា ដោយសារមិនចង់ឱ្យអ្នកមើលមានភាពសាំភ្នែកឬដដែល លោកសម្រេចជ្រើសរើសការថតបែបដើរផ្សព្វផ្សាយបង្ហាញទីតាំងទេសចរណ៍ ល្អជាជាងការថតបែបនិយាយ។ ម្យ៉ាងវីដេអូបែបនេះនៅមិនទាន់អ្នកធ្វើនៅឡើយ។
គួរឱ្យដឹងដែរថា វីដេអូនេះនឹងបង្ហោះនៅលើបណ្តាញសង្គមចាប់ពីថ្ងៃស្អែក ព្រមទាំងមានដាក់បញ្ចាំងនៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនានានៅលើដងវិថីនៃទីក្រុងភ្នំពេញផងដែរ៕