ស្បែកជើងខ្មែរ សិប្បកម្មតពីឪពុកក្មេក កូនប្រសាច្នៃចេញម៉ូដទំនើបៗ កំពុងត្រូវចិត្តយុវវ័យខ្លាំង
ក្នុងវ័យជាង ៣០ ឆ្នាំ អ្នកនាង ហួន ផល្លី បានចូលកាន់កាប់សិប្បកម្ម សាជីវកម្មខ្មែរ ឬ KhmerCorp ពេញលេញតាំងពីឆ្នាំ ២០១៥ ខណៈដែលអាជីវកម្មនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៦ ដោយឪពុកក្មេករបស់ខ្លួន។ អ្នកនាងបានរៀនធ្វើស្បែកជើងពីឪពុកក្មេកផ្ទាល់ រួចក៏យកមកអនុវត្តតម្រូវទីផ្សារទំនើបបង្កើតជាផលិតផលស្បែកជើងបុរសនារីទាន់សម័យ សម្រាប់មនុស្សគ្រប់វ័យ។ អ្នកនាងក៏បានពង្រីកផលិតផលផងដែរ ដែលក្រៅពីស្បែកជើង ក៏មានផលិតជាកាបូបតូចធំ ខ្សែដៃ និង ខ្សែក្រវាត់…ជាដើម។
ពីសិប្បកម្មផលិតស្បែកជើងមិនសូវមានទីផ្សារ មិនសូវមាននរណាស្គាល់ បច្ចុប្បន្នសិប្បកម្ម សាជីវកម្មខ្មែរ ឬ KhmerCorp កំពុងទទួលបានការពេញនិយមប្រើប្រាស់ ជាពិសេសពីសំណាក់យុវវ័យ។ អ្នកនាង ហួន ផល្លី បានសកម្មខ្លាំងជាមួយការធ្វើទីផ្សារ ការដាក់លក់ ក៏ដូចជាសង្វាក់ផលិត ដែលធ្វើឱ្យអាជីវកម្មនេះរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។
ដើម្បីបង្កើនទីផ្សារ ក៏ដូចជាកេរ្តិ៍ឈ្មោះផលិតផល អ្នកនាងបានបញ្ជ្រាបខ្លួនទៅក្នុងសង្គម ដើម្បីបង្កើតបណ្តាញជាមួយអ្នកជំនួញផ្សេងៗ។ អ្នកនាងក៏បានចូលរួមសិក្ខាសាលា និង សិក្សាបន្ថែមទៅលើជំនាញអាជីវកម្មដូចជា ការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងបុគ្គលិក និង ការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។
ចំពោះការតម្រូវទីផ្សារ អ្នកនាងបានផ្តោតសម្រិតសម្រាំងផលិតផលប្រកបដោយគុណភាព តែងតែរិះរកនូវអ្វីដែលថ្មី ហើយថែមទាំងពង្រីកការដាក់លក់ឱ្យកាន់តែមានប្រសិទ្ធភាពទៅកាន់អតិថិជនផងដែរ។
ផ្អែកតាមបទពិសោធរកស៊ីផ្ទាល់ខ្លួន អ្នកនាង ហួន ផល្លី បានចែករំលែកសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មថា៖ «បើចង់ធ្វើអាជីវកម្ម ត្រូវសួរខ្លួនឯងឱ្យច្បាស់សិន ថាតើអាជីវកម្មអ្វីដែលចង់ធ្វើឱ្យប្រាកដ បន្ទាប់មកត្រូវត្រៀមខ្លួនឱ្យរួចរាល់ ដោយសិក្សាឱ្យបានច្បាស់ថាតើគួរបើកនៅកន្លែងណា ត្រូវមានដើមទុនប៉ុន្មាន និង ទីផ្សារអតិថិជនគោលដៅបែបណា។ ប្រសិនបើមានតែមានចិត្តចង់ ធ្វើទៅមិនមើលមុខ មិនមើលក្រោយ នោះអាជីវកម្មនឹងប្រឈមបញ្ហាច្រើនមិនខាន»៕