ត្រឹមឆ្នាំ ២០២៤ អ្នកច្នៃម៉ូដកំពូលទាំងនេះ បានលាលែងតំណែងពីម៉ាកល្បីៗ បន្ទាប់ពីជួយឱ្យក្រុមហ៊ុនជោគជ័យខ្លាំង
អ្វីៗតែងមានថ្ងៃបញ្ចប់ តែការបញ្ចប់ខ្លះហាក់ដូចជាមិនសមគួរកើតមានឡើង។ ជាក់ស្តែង ដូចជាអ្នកច្នៃម៉ូដប្រចាំម៉ាកអន្តរជាតិទាំងនេះ ខណៈដែលពួកគេបានសាងផ្លែផ្កា នាំឱ្យក្រុមហ៊ុនជោគជ័យខ្លាំង ពួកគេបានលាលែងតំណែង ដើម្បីបោះជំហានបន្ទាប់សម្រាប់អាជីពរបស់ខ្លួន។ គិតត្រឹមឆ្នាំ ២០២៤ យើងសូមលើកពីអ្នកច្នៃម៉ូដ ៧ នាក់ ដែលពួកគេទើបតែចាកចេញពីម៉ាកហ្វេហ្សិនលំដាប់អន្តរជាតិ។
១. Kim Jones ចាកចេញពីម៉ាក Fendi
អ្នកច្នៃម៉ូដសញ្ជាតិអង់គ្លេស Kim Jones បានចាកចេញពីម៉ាក Fendi នៅក្នុងខែ តុលា ឆ្នាំ២០២៤ នេះ ក្រោយលោកបានសហការជាមួយប្រ៊េនអស់រយៈពេល ៤ ឆ្នាំ ពោលចាប់ពីឆ្នាំ ២០២០ មក។ អំឡុងធ្វើការជាមួយ Fendi លោកត្រូវបានប្រគល់តួនាទីជានាយកសិល្បៈខូឡិកហ្សិននារី សម្រាប់សម្លៀកបំពាក់ haute couture សម្លៀកបំពាក់ ready-to-wear និង សម្លៀកបំពាក់រោមសត្វ។ ជំហានបន្ទាប់ លោកនឹងបន្តទៅធ្វើជានាយកសិល្បៈឱ្យម៉ាក Dior នៅប៉ារីស សម្រាប់ខូឡិកហ្សិនសម្លៀកបំពាក់បុរសវិញ។
២. Filippo Grazioli ចាកចេញពីម៉ាក Missoni
ក្រោយចូលធ្វើការឱ្យម៉ាក Missoni កាលពីឆ្នាំ ២០២២ អ្នកច្នៃម៉ូដ Filippo Grazioli បានចាកចេញជាផ្លូវការនៅខែតុលា ឆ្នាំ ២០២៤ នេះ។ ខូឡិកហ្សិនចុងក្រោយរបស់លោកគឺ Spring 2025 ដែលបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Milan Fashion Week កាលពីខែកញ្ញាកន្លងទៅ។ រយៈពេលធ្វើការប៉ុន្មានឆ្នាំមកនេះ លោកបានធ្វើឱ្យ លោក Ottavio និង អ្នកស្រី Rosita Missoni ដែលជាស្ថាបនិកម៉ាកយីហោ ទទួលបានសមិទ្ធផលប្លែកថ្មីសំខាន់ៗដូចជា ការបោះពុម្ពលើក្រណាត់ជាមួយគំនូរបន្ទាត់អង្កាញ់ៗ និង អណ្តាតភ្លើង ព្រមជាមួយម៉ូដខ្សែរណែងរណោងដ៏សិចស៊ី និង ទាក់ទាញ។ មានពាក្យចចាមអារ៉ាមនិយាយថា លោកបានចាកចេញពីម៉ាកនេះ តាំងពីខែ មិថុនា ម្ល៉េះ ដោយវិនិយោគទៅលើកន្លែងធ្វើសម្លៀកបំពាក់បុរសមួយឈ្មោះថា Pitti Uomo។
៣. Hedi Slimane ចាកចេញពីម៉ាក Celine
ទើបចាកចេញពីប្រ៊េន Celine នៅខែ តុលា ឆ្នាំ ២០២៤ អ្នកច្នៃម៉ូដ Hedi Slimane បានបង្កើតស្នាដៃជាច្រើន អស់រយៈពេល ៧ ឆ្នាំ។ លោកបានបង្ហាញសមិទ្ធផលចុងក្រោយ ជាមួយខូឡិកហ្សិនសម្លៀកបំពាក់នារី spring 2025 ។ សម្រាប់ប្រ៊េន Celine ដែលស្ថិតក្រោមក្រុមហ៊ុនហ្វេហ្សិន LVMH Moët Hennessy Louis Vuitton លោក Hedi Slimane ត្រូវបានទទួលស្គាល់ជាអ្នកច្នៃម៉ូដហ្វេហ្សិនដ៏ល្បី ជាផលិតករ និង ជាអ្នកជំនាញក្រណាត់ចាក់ ដែលធ្វើឱ្យស្ទីលស្លៀកពាក់មើលមកភ្លឺថ្លា មានភាពទាក់ទាញ និង ច្បាស់លាស់។ លោកបានពង្រីកផ្នែកសម្លៀកបំពាក់បុរស ជាមួយខូឡិកហ្សិន Couture និង ទឹកអប់ផងដែរ។
៤. Glenn Martens ចាកចេញពីម៉ាក Y/Project
លោក Glenn Martens បានលាលែងតំណែងជានាយកច្នៃប្រតិដ្ឋរបស់ម៉ាក Y/Project នៅខែកញ្ញា ឆ្នាំ ២០២៤ បន្ទាប់ពីកាន់កាប់អស់រយៈពេល ១១ ឆ្នាំ ដោយបន្សល់ទុកចម្ងល់ចំពោះអនាគតម៉ាកមួយនេះ។ ជាក់ស្តែង ការបង្ហាញខូឡិកហ្សិន spring 2025 របស់ម៉ាក Y/Project នៅថ្ងៃទី ២៩ ខែកញ្ញា ត្រូវបានលុបចោលវិញ បន្ទាប់ពីម៉ាកយីហោនេះមានបញ្ហាទាក់ទងលំហូរសាច់ប្រាក់ កាលពីការបង្ហាញខូឡិកហ្សិន fall 2024។ តារាល្បីៗដូចជា Hailey Bieber, Rihanna និង Kylie Jenner ជាដើម សុទ្ធតែបានពាក់សម្លៀកបំពាក់ដែលលោកឌីហ្សាញ។ ជាពិសេស ស្បែកជើងកវែងត្រឹមភ្លៅ និង ខោលីអូខូវប៊យ បានផ្ទុះល្បីយ៉ាងខ្លាំង។
៥. Peter Hawkings ចាកចេញពីម៉ាក Tom Ford
លោក Peter Hawkings បានចាកចេញពីម៉ាក Tom Ford កាលពីខែកក្កដា ឆ្នាំ ២០២៤ បន្ទាប់ពីលោកបញ្ចេញបានតែពីរខូឡិកហ្សិនសម្រាប់ប្រ៊េន។ ការធ្វើការឱ្យម៉ាកនេះ មិនមែនជាលើកដំបូងសម្រាប់លោកនោះទេ ពោល លោកធ្លាប់ធ្វើការជាមួយអ្នកច្នៃម៉ូដ លោក Tom Ford តាំងពីឆ្នាំ ១៩៩៨ ក្នុងនាមជាជំនួញការឌីហ្សាញសម្លៀកបំពាក់បុរសនៅ ក្រុមហ៊ុនរបស់ម៉ាក Gucci ។ បន្ទាប់មកលោកក៏ក្លាយជាអ្នកច្នៃម៉ូដជាន់ខ្ពស់ ផ្នែកសម្លៀកបំពាក់បុរសនៅក្នុងក្រុមហ៊ុននេះផងដែរ។
Peter Hawkings បានចាកចេញពី Gucci នៅឆ្នាំ ២០០៦ ដើម្បីចូលរួមជាមួយ លោក Tom Ford ក្នុងការសម្ពោធប្រ៊េនរបស់ខ្លួន ហើយវាក៏ជាកន្លែងដែលលោកបានច្នៃម៉ូដ និង ផលិតសម្លៀកបំពាក់បុរស ព្រមទាំងបន្ថែមការផលិតគ្រឿងលម្អដូចជា វ៉ែនតា កាបូប ស្បែកជើង និង គ្រឿងអលង្ការ។ គ្រានោះលោកបានឡើងជាអនុប្រធានជាន់ខ្ពស់នៃម៉ាក Tom Ford សម្រាប់សម្លៀកបំពាក់បុរស។ ក្រោយមកនៅខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថាបនិក Tom Ford បានលក់ក្រុមហ៊ុនរបស់ខ្លួនឱ្យទៅក្រុមហ៊ុន The Estée Lauder Cos. ក្នុងតម្លៃ ២,៨ ពាន់លានដុល្លារ រួចឱ្យ Peter Hawkings ជាអ្នកស្នងតំណែង។ កាលពីខែកញ្ញាកន្លងទៅ Peter Hawkings បានឡើងតំណែងជានាយកច្នៃប្រតិដ្ឋឱ្យក្រុមហ៊ុនម៉ាកប្រណីតនេះវិញ ហើយលោកនឹងចាប់ផ្តើមបញ្ចេញខូឡិកហ្សិនដំបូងឱ្យគេនៅក្នុងកម្មវិធី Paris Fashion Week នាខែមីនា ឆ្នាំ ២០២៥។
៦.Virginie Viard ចាកចេញពីម៉ាក Chanel
Virginie Viard បានចាកចេញពី Chanel នៅខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ក្នុងតួនាទីជានាយកសិល្បៈនៃខូឡិកហ្សិនហ្វេហ្សិន។ ការបង្ហាញខូឡិកហ្សិន fall 2024 ready-to-wear គឺជាខូឡិកហ្សិនចុងក្រោយរបស់នាងសម្រាប់ម៉ាកនេះ។ ដូច្នេះ ការផលិតខូឡិកហ្សិន haute couture 2024 និង ខូឡិកហ្សិន ready-to-wear រដូវកាល spring 2025 នឹងត្រូវបានរៀបចំដោយក្រុមការងារស្ទូឌីយ៉ូវិញ។ មែនទែនទៅ Virginie Viard នាងធ្វើការជាមួយម៉ាក Chanel អស់រយៈពេល ៣០ ឆ្នាំមកហើយ និង ជិតស្និទ្ធបំផុតជាមួយនាយកច្នៃប្រតិដ្ឋ លោក Karl Lagerfeld ដែលជាអ្នកដឹកនាំម៉ាកនេះអស់រយៈពេលជាង ៣ ទសវត្សរ៍ មុនពេលលោកលាចាកលោកទៅ។
៧. Pierpaolo Piccioli ចាកចេញពីម៉ាក Valentino
ក្រោយធ្វើការរយៈពេល ២៥ ឆ្នាំ Pierpaolo Piccioli បានចេកចេញពីម៉ាក Valentino នៅខែមីនា ឆ្នាំ ២០២៤។ ដើមឡើយ លោកត្រូវបានតែងតាំងជានាយកច្នៃប្រតិដ្ឋតែមួយគត់របស់ Valentino នៅខែកក្កដា ឆ្នាំ ២០១៦ បន្ទាប់ពី Maria Grazia Chiuri ដែលធ្វើការទន្ទឹមគ្នានោះ បានចាកចេញទៅចូលរួមជាមួយ Dior ។ Pierpaolo Piccioli និង Maria Grazia Chiuri ត្រូវបានជ្រើសរើសដោយស្ថាបនិកម៉ាកយីហោ លោក Valentino Garavani ដើម្បីជំរុញដល់ការបង្កើតគ្រឿងលម្អកាយរបស់ម៉ាក ហើយក៏ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ សម្រាប់ជំហានបន្ទាប់ លោកនៅមិនទាន់បង្ហាញផ្លូវការនៅឡើយ តែមានពាក្យចចាមអារ៉ាមថា លោកកំពុងចរចាជាមួយម៉ាក Fendi ៕
ប្រភព៖ WWD