កាច់ស្ទីល ២ ឈុតនេះ កុយ អេណា ហ្វេហ្សិនកប់ សំខាន់ឈុតចេញពីទឹកដៃអ្នកច្នៃម៉ូដល្បីនៅបរទេសទៀត
សម្រាប់ការថតរូប កុយ អេណា កាច់ស្ទីលមិនឱ្យចាញ់គេឡើយ ហើយរាល់ស្ទីលដែលនាងថត ច្រើនតែផ្ទុះការចាប់អារម្មណ៍ និង ទទួលបានការកោតសរសើរពីមហាជន។ តួយ៉ាង ថ្មីៗនេះ នាងទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើស្ទីលថតរូបពីរឈុត ដែលឈុតទាំងនេះហាក់ប្លែកលើសសព្វដង ទាំងការស្លៀកពាក់ និង ការកាច់ស្ទីលមើលមកហ្វេហ្សិនលំដាប់ខ្ពស់បំផុត។
តាមការបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុក និង Instagram របស់នាង ឈុតចំនួនពីរស្ទីល ដែលកំពុងទាក់ភ្នែកខ្លាំងនេះ គឺមួយឈុតជារ៉ូបពណ៌កូលាប ម៉ូដចាប់ប៉ោងរង្វើលរុំក្រសោបដងខ្លួន ថតនៅកន្លែងមានទឹកហូរ និង មានច្រាំងដីពណ៌កំបោរបីដូចគំនូរ និង មួយទៀតឈុតទៀតជារ៉ូបខ្លីមានលាយឌិនភ្លឺផ្លេក ថតជាមួយភ្នំខ្សាច់ខ្ពស់ៗ។
តាមការលេងខ្លួនស្ទីលនេះដែរ ហ្វេនៗជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ដោយផ្ដោតលើការសរសើរពីរូបសម្រស់របស់ Queen ក្នុងដួងចិត្តរបស់ពួកគេរូបនេះព្រោងព្រាត។
សម្រាប់ពីរឈុតនេះ បើតាមការរំលេចឡើងរបស់ កុយ អេនណា វាគឺជាសម្លៀកបំពាក់ដែលច្នៃម៉ូដដោយ អ្នកច្នៃម៉ូដជនជាតិវៀតណាមដ៏ល្បីឈ្មោះគឺ លោក Thinh Chocolate។ អ្នកច្នៃម៉ូដរូបនេះក៏ជា Art Director និង ជា Stylist ដែលតែងបង្ហាញស្នាដៃនៅលើទស្សនាវដ្តីហ្វេហ្សិនល្បីៗលំដាប់ពិភពលោក ដូចជា Harper’s Bazaar ជាដើម៕