ពាក់ភ្ជុំនេះត្រូវម៉ាច់! ប៊្រេន «នីតា» ផលិតផលធ្វើពីសូត្រខ្មែរ បង្កើតដោយជនជាតិឡាទីន ក្នុងបំណងផ្សព្វផ្សាយបេតិកភណ្ឌកម្ពុជាទៅកាន់ពិភពលោក
ថ្មីៗនេះ «នីតា» ឬ «NITA KHMER» ដែលជាម៉ាកផលិតផលសម្លៀកបំពាក់ និង គ្រឿងលម្អធ្វើដោយដៃ បានកំពុងត្រៀមបញ្ចេញខូឡិកហ្សិនថ្មីសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌ នោះគឺអាវក្រៅធ្វើពីសូត្រ ដែលមានម៉ូដក្បាច់គោមខ្មែរយ៉ាងប្រណីត ជាមួយជម្រើសច្រើនពណ៌។ ការបង្ហាញអាវម៉ូដថ្មីនេះ នឹងធ្វើឡើងនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៤ ទីតាំងនៅ Factory Phnom Penh ចាប់ពីម៉ោង ១២ ថ្ងៃ ដល់ ម៉ោង ៧ យប់។
«នីតា» ឬ «NITA KHMER» ជាម៉ាកយីហោបង្កើតឡើងនៅឆ្នាំ ២០២១ ដោយអ្នកច្នៃម៉ូដពីរនាក់ជាជាតិឡាទីន។ អ្នកច្នៃម៉ូដទាំងពីរស្រលាញ់ប្រពៃណី និង ក្រណាត់ធ្វើដោយដៃ។ ការច្នៃម៉ូដរបស់ពួកគេសម្រាប់ម៉ាកមួយនេះ មានលក្ខណៈហ្វេហ្សិន ជាពិសេស កាបូបផលិតឡើងរួមបញ្ចូលវត្ថុធាតុដើមដូចជា៖ ក្រណាត់សូត្រ, ក្រណាត់កប្បាស, ក្រណាត់ Linen និង កំណាត់ស្បែកដែលបានមកពីសិប្បករដទៃ។
ផលិតផលរបស់ «នីតា» ធ្វើឡើងដោយដៃសុទ្ធសាធ និង ផលិតដោយស្ត្រី។ គោលបំណងចម្បងរបស់ម៉ាកនេះ គឺជំរុញ និង គាំទ្រ មរតកខ្មែរទៅកាន់ពិភពលោកប្រកបដោយមោទកភាព។ ដូចបានឃើញជាក់ស្តែង មិនថាកាបូបឬអាវ សុទ្ធតែរំលេចក្រឡាក្បាច់គោមខ្មែរ ម៉ូដមើលមកទាន់សម័យ អាចស័ក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មី ជាពិសេស ត្រូវម៉ាច់សម្រាប់ពាក់នៅរដូវភ្ជុំនេះតែម្តង។ បរទេសគេស្រលាញ់ប្រពៃណី និង គាំទ្របេតិកភណ្ឌរបស់យើង ដូច្នេះ តស់! យើងគាំទ្រផលិតផលពួកគាត់ទាំងអស់គ្នា៕