អ្នកច្នៃម៉ូដព្រឺសម្បុរ ពេល មាស សុខសោភា គ្រងឈុតរាជិនីអង្គរបរមវិស្ណុលោក ថតនៅប្រាសាទអង្គរវត្ត
ថ្មីៗនេះ តារាចម្រៀងសំនៀងផ្អែមត្រជាក់ មាស សុខសោភា ទើបតែបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គម ភ្ជាប់មកជាមួយសារខ្លី «កម្ពុជានឹងបង្ហាញវត្តមានសារជាថ្មីម្តងទៀត នៅលើទឹកដីប្រទេសលោកខាងលិចនៃសហរដ្ឋអាមេរិក សាន់ហ្វាន់ស៊ីស្កូ 28 September 2024»។ ក្នុងវីដេអូនេះដែរ មាស សុខសោភា បានគ្រងឈុតបែបសហសម័យច្រើនឈុត និង ថតនៅទីតាំងប្រាសាទសំខាន់ៗមួយចំនួនលើទឹកដីខេត្តសៀមរាប។
យ៉ាងណាមិញ ចំណោមឈុតទាំងនោះ យើងចាប់អារម្មណ៍ខ្លាំងទៅលើឈុតមួយ ដែល មាស សុខសោភា ទើបតែបង្ហាញច្បាស់ៗតាមរយៈរូបភាព ដែលបង្ហោះថ្មីថ្មោងមានប្រមាណ ៣-៤ សន្លឹក។ រូបភាពនេះនាងឈរថតនៅទីតាំងប្រាសាទអង្គរវត្ត មើលមកពិតជាប្រណីត និង មានអំណាចជាខ្លាំង។
យ៉ាងណាមិញ សម្រាប់អ្នកច្នៃឈុតនេះវិញ លោក Oliva Kong បានបង្ហោះថា លោកពិតជាព្រឺសម្បុរណាស់ចំពោះឈុតមួយនេះ។ ជាក់ស្តែង តាមការសរសេរ លោកបានរៀបរាប់ថា «រូបភាពមួយនេះជាក្ដីសុបិនរបស់ខ្ញុំតាំងពីមុនច្នៃម៉ូដមកម៉្លេះ ព្រឺសម្បុរណាស់។ ឈុតរាជនីអង្គរបរមវិស្ណុលោក Kalkin Oliva Kong គ្រងដោយរាជិនីសំឡេងផ្អែម Meas Soksophea ។ ឈុតរាជិនីអង្គរបរមវិស្ណុលោក ច្នៃឡើងពីក្រណាត់សូត្រដែលមានគុណភាពខ្ពស់ និង ឌិនត្បូងខ្មៅ ដ៏មានតម្លៃ។ ស្មានៃរ៉ូបយកលំនាំនៃកំពូលប្រាសាទអង្គរវត្ត។ តួខ្លួននៃរ៉ូប តំណាងឱ្យនាគ។ ផ្នែកខាងក្រោម យកលំនាំតាមកាំជណ្តើរឡើងកំពូលបាកាននៃប្រាសាទអង្គរវត្ត ប្រៀបដូចជាជណ្តើរឡើងទៅកាន់ឋានសួគ៌។ Pattern នៃរ៉ូប រូបកលិ្កន (ខ្លួនមនុស្សក្បាលសេះ) ជាអវតាចុងក្រោយរបស់ព្រះវិស្ណុ ដកស្រង់ចេញពីប្រាសាទបន្ទាយស្រី លាយឡំជាមួយក្បាច់ភ្ញីវល្លិ និង ភ្ញីទេស ដកស្រង់ចេញពីចម្លាក់ប្រាសាទអង្គរវត្ត»៕