សម្លៀកបំពាក់ ៤ ស្ទីលក្នុងការប្រគំតន្ត្រី Solo របស់ ឱក សុគន្ធកញ្ញា នឹងចារជាប្រវត្តិសាស្ត្រក្នុងបេះដូងអ្នកគាំទ្រ
បន្ទាប់ពីការប្រគំតន្ត្រីទោល The Q – Rise of The Queen របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចប់ទៅ ហ្វេនៗជាច្រើនបានបង្ហោះសារហូរហែ ចំពោះការពេញចិត្ត ពេញថ្លើម គ្មានចន្លោះទាស់។ ទន្ទឹមនឹងការសម្តែងដ៏អស្ចារ្យ ឱក សុគន្ធកញ្ញា ក៏បានលេងខ្លួនស្លៀកពាក់ជាមួយស្ទីលប្លែកៗ ទៅតាមប្រភេទបទចម្រៀងផងដែរ។ ជាក់ស្តែង ពីមួយឈុតទៅមួយឈុត សម្លៀកបំពាក់មានភាពច្នៃប្រតិដ្ឋខ្ពស់ បង្ហាញពីស្ទីលផ្ទាល់ខ្លួនរបស់ ឱក សុគន្ធកញ្ញាផង និង ហ្វេហ្សិនបង្កប់អត្ថន័យផងដែរ។ ក្នុងនោះមានស្ទីលចំនួន ៤ ជឿជាក់ថាវានឹងក្លាយជារូបភាពដក់ជាប់ក្នុងក្រអៅបេះដូងអ្នកគាំទ្រគ្មានថ្ងៃរលុប។
១. កោងកាចកប់ខ្លាំង
តាំងពីដើមមក ឱក សុគន្ធកញ្ញា ចូលចិត្តបំផុតការលេងខ្លួនបែបតន្ត្រីរ៉ុក។ សម្រាប់ការប្រគំតន្ត្រីនេះ ស្ទីលរ៉ុករបស់នាង ហាក់មានថាមពលខ្លាំង និង កោងកាចជាងមុន ដោយនាងបានលេងខ្លួនពីរបែប។ ឈុតទីមួយមានលក្ខណៈបែប Punk ប្រើពណ៌ខ្មៅ និង ក្រហមប្រដេញគ្នា។ ឈុតនេះពាក់ជាខោខ្មៅ និង អាវចោមពុងស្បែកក្រហមខ្មៅ មានម៉ូដច្រៀករហែកពីលើចុះក្រោម អមជាមួយគ្រឿងលម្អខ្សែក្រវាត់ច្រើនថ្នាក់ និង មានដាំលោហៈស្រោចបន្ស៊ីគ្នា។ អាវក្រៅស្បែកលេងម៉ូដលើកស្មាខ្ពស់ ដាំលោហៈលម្អតាមរាង ដែលបន្ថែមភាពហំហានមួយកម្រិតទៀត។ ដោយឡែកស្បែកជើង លេងម៉ូដកវែងពណ៌ក្រហម សមគ្នាឥតខ្ចោះនឹងឈុតមួយនេះ។
ក្រឡេកមកឈុតខ្លាំងមួយទៀត មើលមកលាយឡំរវាងភាពខ្លាំង និង នារីភាព។ ឈុតនេះប្រើពណ៌ខ្មៅ និង ពណ៌ផ្កាឈូករំលេចគ្នា។ ឈុតនេះឡូយបែបស្ទីលជិះម៉ូតូធំ ដែលយើអាចសម្គាល់ជាមួយខោជើងធំមាំ និង ស្រោមដៃ។ ថ្វីបើរាងកោងកាចបន្តិច តែឈុតនេះបង្កប់មន្តស្នេហ៍គួរឱ្យស្រលាញ់តាមរយៈពណ៌ផ្កាឈូក។
២. ឈុតហ្វេហ្សិនសហសម័យ
ជាមួយការច្រៀងបទមនោសញ្ចេតនា ឱក សុគន្ធកញ្ញា បានគ្រងឈុតអាវធំសម្រុងវែងត្រឹមចុងជើង។ នៅលើក្រណាត់ពណ៌ស្វាយស្រាល មានលម្អិតគំនូរបង្ហាញទីតាំងសំខាន់ៗនៅទីក្រុងភ្នំពេញដូចជា ផ្សារថ្មី វត្តភ្នំ ព្រះបរមរាជវាំង ពហុកីឡដ្ឋានជាតិអូឡាំពិក ពហុកីឡដ្ឋានជាតិមរតកតេជោ និង វិមានឯករាជ្យ។ ជាពិសេស ត្រង់ចុងដៃអាវ កអាវ ជាយអាវ និង ហោប៉ៅមានរំលេចក្បាច់ខ្មែរយ៉ាងប្រណីតផងដែរ។
៣. ឥទ្ធិពលរាជិនី
សមនឹងពាក្យដែលហ្វេនៗគ្រប់គ្នាហៅថា ឃ្វីន (Queen) ឱក សុគន្ធកញ្ញា បានលេងស្ទីលពីរឈុត ដែលមើលមកចែងចាំង និង រះចិញ្ចាច។ មួយស្អាតបែបរាជិនី និង មួយទៀតហំដូចជាកំពូលស្តេចស្រី។
៤. Superstar
ស្រដៀងទៅនឹងឈុតរបស់តារាចម្រៀងល្បីលំដាប់ពិភពលោក Taylor Swift ចំពោះ ឱក សុគន្ធកញ្ញា វិញ នាងក៏បានលេងឈុតបែបតារាលំដាប់កំពូលផងដែរ។ ឈុតខ្លីពីរឈុតដាំស្រោចទៅដោយត្បូង មើលមកចែងចាំងទាក់ភ្នែកជាខ្លាំង៕