ស៊ូប៉ី ពីក្មេងស្រីចូលចិត្តច្នៃម៉ូដ ឥឡូវបង្កើតម៉ាកសម្លៀកបំពាក់ប្រណីត កំពុងត្រូវប៉ាន់ពីបុគ្គលធំៗ និង តារាល្បីៗ
និយាយដល់ម៉ាកសម្លៀកបំពាក់ SuelBée មួយរយៈមុន ប្រិយមិត្តហ្វេហ្សិននិយមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយម៉ាកនេះបានធ្វើកម្មវិធីបង្ហាញខូឡិកហ្សិនថ្មីបែប Haute couture លើកដំបូងនៅកម្ពុជា ដោយមានការចូលរួមពីសំណាក់តារាល្បីៗ និង បុគ្គលលំដាប់ខ្ពស់។
មកស្គាល់ពីម្ចាស់ម៉ាកយីហោនេះ នាងមានថាឈ្មោះ ស៊ូប៉ី មានស្រុកកំណើតមកពីខេត្តកំពង់ចាម។ តាមការចុះផ្សាររបស់សារព័ត៌មានអន្តរជាតិ Prestige ដើមឡើយនាងកើតនៅក្នុងគ្រួសារមានជីវភាពខ្វះខាត ពោលនាងត្រូវធ្វើការតាំងពីតូច ដើម្បីរកចំណូលតិចតួចទិញអ្វីដែលនាងចូលចិត្ត។ តាំងពីក្មេងវ័យ នាងជាក្មេងស្រីម្នាក់ ដែលមានការគិតដោយឡែកពីគេ ជាក់ស្តែង នាងមានគំនិតទៅលើការរកស៊ី ការសន្សំលុយ និង រកលុយ តាមរយៈការលក់គំនូរដែលនាងបានគូរ។ ពិតណាស់ ការធ្វើដូចនេះអាចឱ្យនាងបានទិញសម្លៀកបំពាក់ ស្បែកជើង កាតាប និង សម្ភារផ្សេងៗ ដែលនាងចង់បាន។
ស៊ូប៉ី នាងមានទំនោរខ្លាំងទៅលើអ្វីដែលថ្មី និង ច្នៃប្រតិដ្ឋ តួយ៉ាង រម្លឹកកាលនាងនៅស្រុកកំណើត នាងតែងចេះបង្កើតម៉ូដរៀបចំខ្លួនដោយខ្លួនឯង សូម្បីបងប្អូនស្រីរបស់នាង ក៏នាងធ្លាប់ផ្លាស់ប្តូរការស្លៀកពាក់ ឱ្យមើលមកមានភាពច្នៃប្រតិដ្ឋបែបថ្មីផងដែរ។
មហិច្ឆតាពីតូច ហាក់ដូចជាគ្រាប់ពូជដែលលូតលាស់ឱ្យផលនៅពេលធំឡើង។ កាលពីឆ្នាំទៅមិញ ក្នុងវ័យ ៣០ ឆ្នាំ ស៊ូប៉ី នាងបានសម្ពោធម៉ាកយីហោសម្លៀកបំពាក់របស់នាង ដែលមានឈ្មោះពេញថា SuelBée Studio មានទីតាំងនៅទីក្រុងភ្នំពេញ។ ស្ទីលនៃម៉ាករបស់នាង ត្រូវបានបំផុសគំនិតពីម៉ាកសម្លៀកបំពាក់អ៊ីតាលីដ៏ល្បី Loro Piana ដែលជាការរួមបញ្ចូលវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ និង ទំនោរតិចនិយម។
អត្តសញ្ញាណនៃម៉ាក SuelBée បង្ហាញពីភាពអេឡេហ្គង់ជាមួយរាងរៅភ្លឹង, បំផុសពីហ្វេហ្សិនរដូវរងា, មានលក្ខណៈក្លាសិក និង ពណ៌ neutral ។ ស៊ូប៉ី ក៏ប្រឆាំងជាមួយបទដ្ឋានប្រពៃណីយេនឌ័រផងដែរ។ ការច្នៃម៉ូដរបស់នាង ភាគច្រើនមិនលំអៀងទៅលើភេទណាមួយ បញ្ចេញថាមពល និង មានភាពចម្រុះស្ទើរមិនគួរឱ្យជឿ។ ម៉ាកយីហោរបស់នាងផ្តោតលើការតំណាងឱ្យភាពជោគជ័យ និង អានុភាព។
បច្ចុប្បន្ន សម្លៀកបំពាក់ម៉ាក SuelBée មានការពេញនិយមពីសំណាក់បុគ្គលល្បីៗនៅក្នុងសង្គម តារាចម្រៀង តារាសម្តែង អ្នកច្នៃម៉ូដ និង អ្នកហ្វេហ្សិនលំដាប់ខ្ពស់។ ពួកគេភាគច្រើនស្លៀកពាក់សម្រាប់ឱកាសធំៗ ជាពិសេសកម្មវិធីមុខមាត់ និង កម្មវិធីលំដាប់អន្តរជាតិ៕