ជួបគ្នាចៃដន្យ បុរសខ្មែរ និង នារីហូឡង់ ចាប់ដៃគ្នាអភិវឌ្ឍន៍សិល្បៈចាក់កន្ត្រកនៅសៀមរាប លើកកម្ពស់សហគមន៍
កាលពីឆ្នាំ ២០១៦ អ្នកច្នៃម៉ូដស្ត្រីជនជាតិហូឡង់ម្នាក់ឈ្មោះ កា ឡៃ បានធ្វើដំណើរមកកម្ពុជាដើម្បីបំពេញការងារស្ម័គ្រចិត្តក្នុងគម្រោងមួយនៅខេត្តសៀមរាប។ នៅក្នុងបេសកកម្មស្រាវជ្រាវទៅលើប្រពៃណីសិប្បកម្មតាមតំបន់ កាឡៃ បានមកជួបនឹងបុរសខ្មែរម្នាក់ឈ្មោះ ថូ បារាំង ដែលកំពុងតែធ្វើការជាមួយស្ត្រីតម្បាញកន្ត្រកនៅក្នុងភូមិក្របីរៀល និង ភូមិប្រយុទ្ធក្នុង សង្កាត់ ទឹកវិល ដែលស្ថិតនៅចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីក្រុងសៀមរាប ទឹកដីអង្គរនៃយើង។ ដោយអ្នកទាំងពីរមានចក្ខុវិស័យដូចគ្នា ចង់អភិវឌ្ឍន៍សិប្បកម្មតម្បាញ និង លើកកម្ពស់ជីវភាពរស់នៅក្នុងសហគមន៍ គ្រានោះហើយដែល MANAVA បានចាប់កំណើតឡើង។
ម៉ាណាវ៉ា (MANAVA) បើយោងទៅតាមភាសាបាលីសំស្ក្រឹតមានន័យថា «មនុស្សធម៌»។ សម្រាប់ភាសាជនជាតិ Tahitian វិញ និយាយថា Manava ឬ Maeva មានន័យថា «ស្វាគមន៍»។ សិប្បកម្មត្បាញកន្ត្រកធ្វើពីរុក្ខជាតិវល្ខិផ្តៅ និង រពាក់ នេះ កញ្ញា កាឡៃ ចាន់ (Ka-Lai Chan) គឺជាស្ថាបនិក និង ជាអ្នករចនាម៉ូដ ខណៈ លោក ថូ បារំាង ជាសហស្ថាបនិក ក៏ដូចជាអ្នកគ្រប់គ្រងខាងផ្នែកចង្វាក់ផលិតកម្ម។
រម្លឹកកាលចាប់ផ្តើមដំបូង ស្ថាបនិកទាំងពីរបានប្រមែប្រមូលស្ត្រីចាក់កន្ត្រកក្នុងភូមិប្រមាណ ១៥ នាក់ មានចាស់ មានក្មេង ខ្លះជាប់រវល់កូនច្រើនធ្វើពីផ្ទះ និង ខ្លះធ្វើជាក្រុម ដោយចាក់បង្កើតជាផលិតផលប្រណីតៗម៉ូដប្លែកទាន់សម័យមានតាំងពី គ្រឿងលម្អផ្ទះ កងដៃ កាបូប កន្ត្រក អំពូល រហូតដល់សង្ហារិម។ ការបង្កើតម៉ូដ ស្ថាបនិកា កាឡៃ នាងបានស្រាវជ្រាវ និង ប្រើគំនិតច្នៃប្រតិដ្ឋទៅតាមបទពិសោធការងារកន្លងមក។ បើនិយាយពីបទពិសោធរបស់ កាឡៃ នាងបានបញ្ចប់ការសិក្សាផ្នែកច្នៃម៉ូដផលិតផលពីសាកលវិទ្យាល័យសិល្បៈនៅទីក្រុងអ៊ូទ្រេច(Utrecht) ប្រទេសហូឡង់ និង ជាអ្នកច្នៃម៉ូដឯករាជ្យធ្លាប់ធ្វើការច្នៃម៉ូដឱ្យម៉ាកអន្តរជាតិល្បីៗទៅលើគម្រោងនានាក្នុងវិស័យផ្សេងៗដូចជា៖ សារមន្ទីរ, សណ្ឋាគារ, គ្រឿងដេគ័រផ្ទះ និង គ្រឿងសិល្បៈតាំងលម្អ។
តាំងពីឆ្នាំ ២០១៩ មក ស្ត្រីតម្បាញទាំងប៉ុន្មានមិនត្រឹមតែទទួលបានការងារធ្វើ និង មានចំណូលអាចផ្គត់ផ្គង់គ្រួសារបន្ថែមប៉ុណ្ណោះទេ តែថែមទាំងត្រូវបានសហគ្រាសខ្នាតតូច MANAVA នេះ បណ្តុះបណ្តាលចំណេះដឹងទៅលើ ការគ្រប់គ្រងហិរញ្ញវត្ថុ សិទ្ធិស្ត្រី អំពើហិង្សាក្នុងគ្រួសារ គម្រោងគ្រួសារ ចំណេះដឹងសុខភាព និង បង្រៀនភាសាអង់គ្លេស ដោយមានការសហការជាមួយអង្គការមជ្ឈមណ្ឌលធនធានស្ត្រីផងដែរ។
ទាក់ទិននឹងការអភិវឌ្ឍន៍ម៉ូដ ផលិតផល MANAVA បានបញ្ចូលគ្នារវាងសិល្បៈហត្ថកម្មពីបុរាណ និង ម៉ូដស្របតាមរចនាប័ទ្មខ្មែរ បង្កើតបានជាម៉ូដប្រណីតទាន់សម័យ ដែលត្រូវទៅតាមតម្រូវការទីផ្សារទំនើបបច្ចុប្បន្ន។ ម៉ូដរំលេចនៅលើផលិតផលត្រូវបានស្រង់ពីក្បាច់ខ្មែរ ដែលមាននៅលើវត្ថុបុរាណ និង ស្ថាបត្យកម្មមហាអស្ចារ្យនៅលើពិភពលោកគឺ ប្រាសាទអង្គរវត្ត។ ក្នុងនោះ MANAVA បានជ្រើសរើសក្បាច់ខ្មែរចំនួន ៤ បែបមករំលេចនៅលើផលិតផលរួមមាន៖ ក្បាច់ច័ក្កច័ន ក្បាច់ធ្មេញត្រី ក្បាច់ទ្រនុងនាគ និង ក្បាច់ត្របកផ្កាឈូកមើលចំ។
ចំពោះដំណើរការផលិត ស្ថាបនិក MANAVA បានរៀបរាប់ថា ជាដំបូងយើងត្រូវទៅច្រូតវល្លិផ្តៅឬរពាក់នៅតាមព្រៃក្នុងតំបន់។ បន្ទាប់មកដាក់ហាលវាឱ្យស្ងួតដែលអាចចំណាយពេលដល់មួយខែ។ ក្រោយពេលស្ងួតហើយ យើងយកវាមកលាងរួចច្រៀកជាសរសៃៗ ដោយបែងចែកសរសៃក្នុង និង សរសៃក្រៅ។ រួចមក យកវល្លិទាំងនោះលាបជាមួយម្សៅធម្មជាតិ ដែលធ្វើឡើងពីដើមរុក្ខជាតិ និង ផ្កាចម្រុះ។ ជំហានចុងក្រោយ យកសរសៃវល្លិចាក់ត្បាញជាកន្ត្រកឬកាបូប តាមក្រឡាពីមួយទៅមួយយ៉ាងផ្ចិតផ្ចង់បំផុត។ ចំពោះកាបូបមួយអាចចំណាយពេលចាក់ដល់ទៅ ៣ ថ្ងៃ។
បច្ចុប្បន្ន ផលិតផលរបស់ MANAVA ទទួលបានការគាំទ្រពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ។ អាចចាត់ទុកជាផលិតផលប្រណីត ព្រោះវាធ្វើឡើងពីធម្មជាតិ ធ្វើដោយដៃ ១០០ % ដែលសំខាន់ធ្វើឡើងដោយដៃស្ត្រីខ្មែរពិតៗ៕