ខ្លាំងពីឪពុកដល់កូន! លោក សេង សំរិទ្ធស័ក្តិ អភិវឌ្ឍន៍ម៉ាកសម្លៀកបំពាក់ថ្មី ស្ទីលក្លាសិកសហសម័យ កំពុងត្រូវចិត្តយុវវ័យ
លោក សេង សំរិទ្ធស័ក្តិ គឺជាជាងវាស់កាត់សម្លៀកបំពាក់ ដែលមានបទពិសោធក្នុងវិស័យសម្លៀកបំពាក់ក្លាសិកជាង ១០ ឆ្នាំមកហើយ។ កន្លងមក លោកធ្លាប់បានទៅបណ្តុះបណ្តាលជំនាញ នៅសាលាកាត់ដេរឈានមុខគេនៅលើពិភពលោក Savile Row Academy នៅឯទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ផងដែរ។ ថ្មីថ្មោងនេះ លោកទើបតែបង្កើតម៉ាកសម្លៀកបំពាក់ថ្មីមួយឈ្មោះថា The Symmetry ដែលផ្តោតទៅលើស្ទីលសម្លៀកបំពាក់បែបក្លាសិកសហសម័យ (Contemporary Classic) មានមូលដ្ឋាននៅទីក្រុងភ្នំពេញ។
ជាមួយម៉ាក The Symmetry ស្ថាបនិក លោក សេង សំរិទ្ធស័ក្តិ ថាសម្លៀកបំពាក់របស់លោក ផលិតឡើងសម្រាប់មនុស្សគ្រប់វ័យមានដូចជា៖ អាវក្រៅ, អាវប៉ូឡូ, អាវយឺត, ខោ Chino, ខោខ្លី និង គ្រឿងតុបតែងលម្អផ្សេងៗ។ គ្រប់ផលិតផលទាំងអស់ មិនថាសាច់ក្រណាត់ឬម៉ូដ សុទ្ធសឹងត្រូវបានសម្រិតសម្រាំង ឆ្លងកាត់ការរចនា និង ការស្រាវជ្រាវពីក្រុមការងារដែលមានជំនាញរបស់ The Symmetry។
លោកពន្យល់អំពីនាមម៉ាកយីហោ The Symmetry យ៉ាងដូច្នេះ៖ « The Symmetry បើក្នុងន័យទូទៅ វាជាភាពស្មើគ្នារវាងឆ្វេង និង ស្តាំ ហើយបើសម្រាប់ពួកយើងវិញ គឺមានន័យថា ភាពសមសួនក្នុងការស្លៀកពាក់។»
មែនទែនទៅ ម៉ាក The Symmetry មិនមែនកើតឡើងតែឯងនោះទេ ពោលម៉ាកនេះមានប្រភពចេញមកពីម៉ាកយីហោធំមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យវាស់កាត់សម្លៀកបំពាក់ច្រើនជំនាន់មកហើយ។ តាមការឱ្យដឹងរបស់ ស្ថាបនិក សេង សំរិទ្ធស័ក្តិ លោកបានរៀបរាប់ថា ម៉ាក The Symmetry បានប្រសូតចេញពីម៉ាកយីហោសម្លៀកបំពាក់វាស់កាត់ដ៏មានកេរ្តិ៍ឈ្មោះមួយគឺ Asia Mode ដែលបង្កើតឡើងដោយឪពុករបស់លោកផ្ទាល់។ Asia Mode បង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ ភ្ញៀវដែលមកវាស់កាត់ ភាគច្រើនជាមន្ត្រី រដ្ឋមន្ត្រី ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ក៏ជាអតិថិជនប្រចាំផងដែរ។
ជាមួយការផលិតផ្តោតយកគុណភាព ក្នុងមួយឈុតៗ Asia Mode អាចប្រើពេលធ្វើដល់ទៅពីរខែឬអាចលើសពីនេះ។ ខណៈតម្រូវការកាន់តែច្រើនឡើង ម្យ៉ាងដើម្បីសម្រួលដល់ការផលិតនេះផងនោះ Asia Mode បានបង្កើតម៉ាកមួយទៀតឈ្មោះថា Asia Mode Finery សម្រាប់ការផលិតទៅលើសម្លៀកបំពាក់ដែលមានស្រាប់ៗ ដែលផ្តល់ដំណោះស្រាយទាំងការវាស់កាត់ផង និង សម្រាប់ភ្ញៀវដែលមិនចង់រង់ចាំយូរផងដែរ។
បន្ទាប់មកទៀត ដោយឃើញថា Trend ឬ ទំនោរនិយម នៃការស្លៀកពាក់បែបក្លាសិករបស់បុរសមានការពេញនិយម តែយ៉ាងណាមិញ ការស្លៀកពាក់បែបនេះនៅកម្ពុជានៅមានកម្រិត ទើបធ្វើឱ្យ លោក សេង សំរិទ្ធស័ក្តិ ដែលជាកូនប្រុសម្ចាស់ម៉ាកយីហោ Asia Mode មានគំនិតបង្កើតម៉ាកមួយទៀតគឺ The Symmetry។ ម៉ាកនេះបង្កើតឡើងក្នុងបំណងលើកស្ទួយវិស័យស្លៀកពាក់បែបក្លាសិក ដោយបញ្ចូលការស្លៀកពាក់នេះទៅក្នុងជីវិតប្រចាំថ្ងៃជាបែប Casual Wear ឬ Occasion Wear។
ចំពោះបេសកកម្មរបស់ The Symmetry ស្ថាបនិករូបនេះលើកឡើងថា៖ «យើងចង់លើកទឹកចិត្តឱ្យមានការស្លៀកពាក់បែបក្លាសិក សាមញ្ញហើយសមសួន មានការផ្ចិតផ្ចង់ និង មានភាពជាខ្លួនឯង។ ពួកយើងចង់លើកកម្ពស់វិស័យនេះ ព្រមទាំងចង់ឱ្យក្លាយជាសហគមន៍មួយសម្រាប់អ្នកចូលចិត្តសម្លៀកបំពាក់បែបនេះផងដែរ»៕