ស្អាតៗខ្លាំង! ម៉ាក SuelBée បញ្ចេញខូឡិកហ្សិន Haute Couture យ៉ាងប្រណីត អមដោយទស្សនីយភាពប្រគំតន្ត្រីពីសិល្បករផលិតកម្មបារមី
ពេលនិយាយដល់ Haute Couture គេតែងភ្នកនឹកដល់ភាពខ្ពង់ខ្ពស់បំផុតនៃហ្វេហ្សិនលំដាប់ខ្ពស់ ឬ «the highest of high fashion»។ ការបង្ហាញខូឡិកហ្សិន Haute Couture រមែងធ្វើឡើងជាលក្ខណៈឯកជន និង ពិសេសផ្តាច់មុខ ខណៈដែលពីមួយឈុតទៅមួយឈុត ត្រូវបានសម្រិតសម្រាំងយ៉ាងឥតខ្ចោះ រាប់តាំងពីចំណុចចាប់ផ្តើមរហូតដល់ចុងបញ្ចប់។
ក្រឡេកមកកម្ពុជាយើង អាចថាជាការបើកទំព័រហ្វេហ្សិន Haute Couture ដ៏កម្រ ដោយកាលពីរាត្រីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ ថ្មីៗនេះ ក្នុងទីតាំង Norea Cove ស្ថិតនៅតំបន់កោះពេជ្រ រាធានីភ្នំពេញ SuelBée ដែលគេស្គាល់ថាជាម៉ាកសម្លៀកបំពាក់លំដាប់ខ្ពស់ បានរៀបចំព្រឹត្តិការណ៍បង្ហាញខូឡិកហ្សិនថ្មីរបស់ខ្លួន SuelBée Haute Couture Fashion Show អមមកជាមួយទស្សនីយភាពប្រគំតន្ត្រីសហសម័យ ដែលសម្តែងផ្ទាល់ពីសិល្បករមកពីផលិតកម្មបារមី។
ព្រឹត្តិការណ៍នេះ ឃើញមានការចូលរួមច្រើនកុះករពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ជាពិសេសសុទ្ធសឹងភ្ញៀវលំដាប់ VIP មកពីវិស័យផ្សេងៗគ្នារួមមាន៖ អ្នកមានមុខមាត់នៅក្នុងសង្គម, អ្នកជំនួញល្បីៗ, អ្នកក្នុងចង្កោមហ្វេហ្សិន, សិល្បៈ និង ប្រព័ន្ធផ្សព្វផ្សាយ។
សូរឧបករណ៍តន្ត្រីខ្មែរចាប់ផ្តើមបន្លឺ វាំងននចាប់ផ្តើមបង្ហើប ឈុតខូឡិកហ្សិនគ្រងដោយម៉ូឌែលបានបង្ហាញខ្លួនសន្សឹមៗ បោះជំហានតាមចង្វាក់ភ្លេងដែលប្រគំយ៉ាងស្វាហាប់ក្រោមថ្វីដៃកំពូលសិល្បករពហុជំនាញ វណ្ណ ថាន។ បើកឆាកភ្លាម ម៉ាក SuelBée ធ្វើឱ្យយើងប្លែកអារម្មណ៍រហ័សភ្លែត ដោយខូឡិកហ្សិន Haute Couture រំលេចជាឈុតរ៉ូប ខណៈកន្លងមក ម៉ាកនេះគេច្រើនសម្គាល់តាមរយៈសម្លៀកបំពាក់បែបជាឈុតអាវធំ ឬកំប្លេជាដើម។
ឃើញថាការបង្ហាញខូឡិកហ្សិនបានធ្វើឡើងជាពីរវគ្គ ដែលវគ្គទីមួយមានប្រមាណ ១២ ឈុត។ យើងចាប់អារម្មណ៍ឈុតរ៉ូបវគ្គដំបូង ដែលភាគច្រើនប្រើក្រណាត់សាច់រលោងភ្លឺរលាស់ មើលមកអេឡេហ្គង់បំផុត។ ចំណែកឯការចាប់ម៉ូដ មានលក្ខណៈរង្វើលៗរលកទៅតាមរាងរៅ ខ្លះចាប់ជាផ្នត់ ខ្លះជាកញ្ចុំ ឯខ្លះទៀតមានឌិនរំលេចបង្កភាពទាក់ទាញផងដែរ។
ចូលដល់វគ្គបន្ទាប់កាន់តែពិសេសឡើង តារាចម្រៀង ឡូរ៉ា ម៉ម បានបង្ហាញមុខបង្ហើរសំនៀងយ៉ាងគ្រលួចជាមួយបទ «បួងសួង» អមដោយភ្លេងបុរាណសម័យប្រគំបណ្តាក់គ្នា ញុំាងឱ្យបរិយាកាសនៃកម្មវិធីបង្ហាញម៉ូដ កាន់តែជក់ចិត្តចូលអារម្មណ៍ឡើង។
ពីមួយទៅមួយ ប្រមាណ ៩ ឈុត រ៉ូបនីមួយៗបង្ហាញពីភាពលេចធ្លោដោយឡែកពីគ្នា។ ចាត់ជាហ្វេហ្សិនជឿនលឿនប្រកបដោយភាពច្នៃប្រតិដ្ឋ យើងទាក់ភ្នែកតាំងពីឈុតដំបូង ដែលជារ៉ូបលាតដៃវែង មានភាពរលោងភ្លឺផ្លេក អមនឹងការចាប់ម៉ូដបន្តិចត្រង់ចង្កេះ។ ពីរឈុតបន្ទាប់ លេងម៉ូដរាងធំៗ ប្រើក្រណាត់រុំព័ទ្ធដងខ្លួន ពិសេសប៉ានក្រណាត់ដល់ក្បាល ថែមដោយគ្រឿងលម្អសក់ មើលមកជានារីភាពប្រកបដោយថាមពល។ ដោយឡែកពីរឈុតទៀត រ៉ូបបានផ្តោតប្រើក្រណាត់បោះពុម្ព និង លេងម៉ូដលើកចង្កេះសងខាង។ រីឯ ៤ ឈុតចុងក្រោយចាប់ជាផ្នត់ៗ បត់បែនរង្វើលៗទៅតាមរាងរៅនៃដងខ្លួន។
កញ្ញា ស៊ូប៉ី ស្ថាបនិក ម៉ាកយីហោ SuelBée បានឱ្យដឹងពីខូឡិកហ្សិន Haute Couture នេះថា ៖ «យើងស្វែងរកការបំផុសគំនិតនៅក្នុងភាពអេឡេហ្គង់នៃពណ៌ធម្មជាតិ ដូចជា ពណ៌មាស ពណ៌ប្រាក់ និង ពណ៌ធម្មជាតិដែលទាក់ទងគ្នា ដើម្បីរួមជារូបរាងនៃមូលដ្ឋានឌីហ្សាញរបស់ SuelBée។ ខូឡិកហ្សិន Haute Couture របស់យើងជាការអបអរនូវទំនុកចិត្ត និង ភាពស្រស់ស្អាតពីធម្មជាតិនៃអ្វីៗទាំងអស់ ក៏ដូចជាលុបបំបាត់នូវព្រំដែនយេនឌ័រផងដែរ។ ជាមួយការលាយបញ្ចូលគ្នារវាង ភាពសាមញ្ញ និង ថាមពល ការបង្កើតរបស់យើងបង្ហាញពីភាពពិតរបស់អ្នក ជាការឆ្លុះបញ្ចាំងដែលយើងជាផ្នែកមួយនៅក្នុងពិភពហ្វេហ្សិនដ៏រស់រវើក»។
ក្រោយការបង្ហាញម៉ូដខូឡិកហ្សិន Haute Couture របស់ SuelBée ចុងក្រោយនៃកម្មវិធីក៏មានការសម្តែងចម្រៀងពីសិល្បករវ័យក្មេងរបស់ផលិតកម្មបារមីដូចជា លោក Norith និង Jady ផងដែរ។
អាចថានេះជាការបង្ហាញខូឡិកហ្សិន Haute Couture លើកដំបូងរបស់ម៉ាក SuelBée ហើយក៏ជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងឧស្សាហកម្មហ្វេហ្សិននៅកម្ពុជា។ SuelBée ត្រូវបានគេស្គាល់ថាជាម៉ាកសម្លៀកបំពាក់លំដាប់ខ្ពស់ បង្កើតឡើងដោយកូនខ្មែរពិតៗ ថ្វីត្បិតទើបតែបង្ហាញខ្លួនក្តី ប៉ុន្តែម៉ាកនេះទទួលបានការគាំទ្រ និង ការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ៕