ស្អែកនេះ! ព្រឹត្តិការណ៍បង្ហាញខូឡិកហ្សិនថ្មីរបស់ម៉ាក SuelBée នឹងនាំមកនូវហ្វេហ្សិនសហសម័យ និង វប្បធម៌ខ្មែរដ៏សម្បូរបែប
ស្អែកនេះ! នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ SuelBée ដែលគេស្គាល់ថា ជាម៉ាកសម្លៀកបំពាក់លំដាប់ខ្ពស់ បង្កើតឡើងដោយកូនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បង្ហាញខូឡិកហ្សិនដ៏អស្ចារ្យមួយគឺ SuelBée Haute Couture Fashion Show ដែលនឹងធ្វើឡើងនៅ Norea Cove ជាទីតាំងបង្ហាញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណីត ស្ថិតនៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍លើកនេះ ម៉ាក SuelBée មានការរៀបចំជាលក្ខណៈឯកជនបំផុត ដោយអញ្ជើញភ្ញៀវសុទ្ធសឹង VIP និង ចំនួនមានកំណត់។ ក្នុងនោះសំបុត្រចំនួន ១០ កៅអី នឹងផ្តល់ជូនទៅកាន់សិស្សនិស្សិតឆ្នើមនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។
ការបង្ហាញខូឡិកហ្សិនថ្មី ម៉ាក SuelBée បាននាំមកនូវការលាយបញ្ចូលគ្នានូវភាពច្នៃប្រតិដ្ឋ និង ប្រពៃណី។ តួយ៉ាង ខូឡិកហ្សិនថ្មីត្រូវបានបំផុសគំនិតពីមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប ក្នុងសម័យព្រះបាទ សម្តេចព្រះស៊ីសុវត្ថិ ឆ្នាំ ១៩០៦ មកដាក់បញ្ចូលទៅក្នុងការឌីហ្សាញសម្លៀកបំពាក់បែបទំនើប។
នៅក្នុងព្រឹត្តិការណ៍ក៏រួមមានបញ្ចូលកម្មវិធីសំខាន់ៗដូចជា៖ ការប្រគំតន្ត្រីបុរាណផ្ទាល់នៅអំឡុងការដើរបង្ហាញខូឡិកហ្សិន, ការសម្តែងសិល្បៈផ្សេងៗ និង ការសម្តែងពីសិល្បករមកពីផលិតកម្មបារមីផងដែរ។ ព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកបំពាក់ផ្តាច់មុខនេះ មានការឧបត្ថម្ភធំពី ក្រុមហ៊ុន Attwood ជាក្រុមហ៊ុននាំមុខគេដែលនាំចូល និង ចែកចាយ ផ្តាច់មុខនូវផលិតផលម៉ាកប្រណីតៗរបស់ពិភពលោក។ ជាក់ស្តែងនៅក្នុងកម្មវិធី ក្រុមហ៊ុននឹងនាំមកជូននូវស្រាដ៏ប្រណីត CHANDON និង ស្រាបៀរ Budweiser។
តាមរយៈព្រឹត្តិការណ៍នេះ ម៉ាក SuelBée នឹងដើរតួជាអ្នកត្រួសត្រាយបញ្ជ្រាបពិភពហ្វេហ្សិនជាមួយវប្បធម៌ខ្មែរ ហើយក៏បំផុសឡើងដើម្បីផ្តល់ជាវេទិកាមួយលើកតម្កើងទៅលើស្នាដៃសិល្បៈ កេរដំណែល និង ប្រវត្តិសាស្ត្រសិល្បៈកម្ពុជា៕