កំពុងផ្ទុះស៊ែរ! យូរៗចេញមុខម្ដង Fan Bingbing លេងខ្លួនឈ្នះអស់អ្នកចូលរួមកម្មវិធីបង្ហាញម៉ូដ
និយាយដល់ ហ្វេន ពីងពីង (Fan Bingbing) នរណាដែលថាមិនស្គាល់ តារាសម្តែងស្រីកំពូលរាជិនីសម្រស់ជួរមុខរបស់ចិន។ ទោះឈានចូលវ័យជាង ៤០ ឆ្នាំទៅហើយក្តី ប៉ុន្តែរូបសម្រស់របស់នាងនៅតែស្រស់ស្អាត ក្មេងវ័យ និង ស្ថិតនៅលំដាប់កំពូលដដែល។ មកទល់ពេលនេះ នាងមិនត្រឹមតែមានទីផ្សារនៅក្នុងឧស្សាហកម្មភាពយន្តប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងវិស័យម៉ូដ និង ហ្វេហ្សិនទៀតផង។ ជាក់ស្តែង ថ្មីៗនេះនាងត្រូវបានម៉ាកអន្តរជាតិល្បីៗ អញ្ជើញចូលរួមកម្មវិធីបង្ហាញខូឡិកហ្សិនជាបន្តបន្ទាប់។ អ្វីដែលសំខាន់រាល់ការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធី នាងបានតុបតែងខ្លួនយ៉ាងលេចធ្លោ និយាយរួមឈ្នះអស់អ្នកចូលរួមកម្មវិធីតែម្តង។
«ប្រជាប្រិយ» សូមបង្ហាញពីកម្មវិធីដែលនាងបានចូលរួម ក៏ដូចជាការស្លៀកពាក់របស់នាងកាលពីពេលថ្មីៗនេះ។
១. កម្មវិធីរបស់ម៉ាក Iris Van Herpen
កាលពីថ្ងៃទី ២៤ ខែ មិថុនា នេះ ក្នុងព្រឹត្តិការណ៍ Paris Fashion Week នាងបានចូលរួមនៅក្នុងកម្មវិធីបង្ហាញខូឡិកហ្សិន Haute Couture Fall/Winter 2024-2025 របស់ម៉ាក Iris Van Herpen នៅទីក្រុងប៉ារីសប្រទេសបារាំង។ ជាមួយឈុតពណ៌ប្រាក់ម៉ូដពត់ពែន រាងរៅខ្វាត់ខ្វែងធ្វើឱ្យនាងមានភាពលេចធ្លោ និង ប្លែកភ្នែកជាខ្លាំង។
២. កម្មវិធីរបស់ម៉ាក Georges Hobeika
នៅថ្ងៃដដែលក្នុងព្រឹត្តិការណ៍ Paris Fashion Week នាងបានចូលរួមនៅក្នុងកម្មវិធីបង្ហាញខូឡិកហ្សិន Haute Couture Fall/Winter 2024-2025 របស់ម៉ាក Georges Hobeika ដែលជាម៉ាកប្រណីតរបស់លីបង់។ នាងបានស្លៀករ៉ូបក្រហមរំលេចភ្លឺផ្លេកយ៉ាងទាក់ទាញ ជាពិសេសមានពាក់ស្រោមដៃពណ៌ស្វាយផងដែរ។
៣. កម្មវិធីរបស់ម៉ាក Tony Ward
សម្រាប់កម្មវិធីបង្ហាញខូឡិកហ្សិន Haute Couture Fall/Winter 2024-2025 របស់ម៉ាក Tony Ward ដែលជាម៉ាកប្រណីតរបស់លីបង់កាត់អ៊ីតាលី នាងបានស្លៀករ៉ូបពណ៌ផ្កាឈូកវែងអូសដី។ អ្វីដែលធ្វើឱ្យឈុតរបស់នាងលេចធ្លោគឺគ្រឿងលម្អពណ៌ប្រាក់នៅលើដៃ ត្រូវបានរុំព័ទ្ធជាក្បាច់វល្លិភ្លឺរលោង មើលមកអស្ចារ្យបំផុត។
៤. កម្មវិធីរបស់ម៉ាក Georges Chakra
សម្រាប់កម្មវិធីបង្ហាញខូឡិកហ្សិន Haute Couture Fall/Winter 2024-2025 របស់ម៉ាក Georges Chakra ដែលជាម៉ាកប្រណីតរបស់លីបង់ផងនោះ នាងបានស្លៀករ៉ូបពណ៌ទឹកប្រាក់ភ្លឺរលោង ជាក្រណាត់មានក្រឡាខ្សែឆ្មារៗ ជាពិសេសថែមបំពាក់អាវធំវែងអូសដីពីលើ ព្រមជាមួយគ្រឿងលម្អលើ-កប្រកបដោយត្បូងធំៗ បានប្រែកាយនាងឱ្យឡើងសម្រស់លើសពីម្ចាស់ក្សត្រី។
៥. កម្មវិធីរបស់ម៉ាក Stephane Rolland
មកដល់ថ្ងៃទី ២៥ ខែ មិថុនា ក្នុងព្រឹត្តិការណ៍ដដែល នៅក្នុងកម្មវិធីបង្ហាញខូឡិកហ្សិន Haute Couture Fall/Winter 2024-2025 របស់ម៉ាក Stephane Rolland ជាម៉ាកប្រណីតរបស់បារាំង នាងបានស្លៀកពាក់ជាឈុត មានអាវយឺតពណ៌សដៃវែងជាមួយសំពត់ពណ៌មាសភ្លឺរលោង រួមបន្ថែមគ្រឿងលម្អជាបូពណ៌មាសនៅលើសក់ផងដែរ។ ឈុតមួយហ្វេន ពីងពីង ស្អាតបែបស៊ីវិល័យលំដាប់ខ្ពស់បំផុត៕