លំដាប់ប៉ះលំដាប់! កំលោះសង្ហា Gong Yoo ឡើងជាទូតសុច្ឆន្ទៈឱ្យប្រ៊េនប្រណីតរបស់បារាំង Louis Vuitton
ថ្មីៗនេះ ម៉ាកយីហោល្បីរបស់បារាំង Louis Vuitton ឬហៅកាត់ថា LV បានបង្កើនសក្តានុពលរបស់ខ្លួនបន្ថែមទៀត ដោយបានជ្រើសរើសតារាសម្តែងដ៏ល្បីរបស់កូរ៉េ លោក Gong Yoo មកធ្វើជាទូតសុច្ឆន្ទៈរបស់ខ្លួន។ តារារូបនេះត្រូវបានគេស្គាល់ថា ជាតួប្រុសសម្តែងនៅក្នុងរឿងដែលផ្ទុះកក្រើកនាពេលកន្លងមកនោះគឺ Squid Game។
បើរម្លឹកដើមចមរវាង លោក Gong Yoo និង ម៉ាក Louis Vuitton ត្រលប់ទៅឆ្នាំ ២០១៧ តារាសម្តែងរូបនេះបានលេចមុខថតផ្សព្វផ្សាយនាឡិកា LV ម៉ូឌែល Tambour Horizon។ បន្ទាប់មកនៅឆ្នាំ ២០១៩ លោកបានបង្ហាញខ្លួននៅក្នុងការបើកសម្ពោធហាង LV នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ។ ហើយចុងក្រោយនេះ កាលពីសប្តាហ៍មុន លោកបានទៅចូលរួមនៅក្នុងការបង្ហាញខូឡិកហ្សិនសម្លៀកបំពាក់ LV សម្រាប់បុរសនៅប្រទេសបារាំង ដែលជាខូឡិកហ្សិនចេញម៉ូដដោយ លោក Pharrell Williams ជានាយកផ្នែកច្នៃប្រតិដ្ឋប្រចាំម៉ាក ហើយក៏ជាតារាចម្រៀងរ៉េបសញ្ជាតិអាមេរិកដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។
សម្រស់ដូច ២៤ ឆ្នាំ តែវ័យ ៤៤ ឆ្នាំ ទៅហើយ តារាសម្តែង Gong Yoo មានឈ្មោះពិត Gong Ji-cheol។ តាមរយៈការប្រឡូកក្នុងវិស័យសិល្បៈ និង ការងារច្រើនបែបប្រមាណពីរទសវត្សរ៍ ខាងម៉ាកយីហោ LV បានលើកឡើងថា៖ «ជាមួយការតស៊ូរហូតទទួលបានសមិទ្ធផលល្អ និង ការកសាងខ្លួនដ៏ប្រពៃនៅក្នុងអាជីព Gong Yoo គឺជាឧទាហរណ៍ដ៏សំខាន់របស់ម៉ាក Louis Vuitton។ លោកបានរុញច្រានព្រំដែនទៅមុខជានិច្ច និង តែងតែពុះពារឥតងាករេដើម្បីសិល្បៈរបស់ខ្លួន»។
លោក Gong Yoo បានចាប់ផ្តើមអាជីពសម្តែងកាលពីឆ្នាំ ២០០៧ ជាមួយរឿងភាគទូរទស្សន៍ចំណងជើង «Coffee Prince»។ ក្រោយការសម្តែងលោកទទួលបានការគាំទ្រយ៉ាងខ្លាំង និង មានហ្វេនជាច្រើន ហើយភាពជោគជ័យរបស់លោកបានបន្ត រួមមានរឿង «Train to Busan» និង រឿងប្រភេទ Series នៅលើ Netflix ចំណងជើង «The Silent Sea» ផងដែរ។ ហើយចុងក្រោយ លោកបានត្រលប់មកជាមួយរឿង «Squid Game» ដែលធ្វើឱ្យផ្ទុះកក្រើកជុំវិញពិភពលោក។
ក្រៅពីតារាសម្តែង Gong Yoo ចូលជារាជទូតសុច្ឆន្ទៈឱ្យម៉ាក LV កន្លងមកក៏មានតារា K-pop មួយចំនួនទៀតចូលជាទូតសុច្ឆន្ទៈផងដែរ។ ក្នុងនោះមានដូចជា ក្រុមចម្រៀងនារី Le Sserafim, Felix សមាជិកក្រុមចម្រៀងបុរស Stray Kids, J-Hope សមាជិកក្រុមច្រៀងបុរស BTS, Hyein សមាជិកក្រុមចម្រៀងនារី NewJeans និង ក្រុមចម្រៀងបុរស Riize៕