អ្នកគាំទ្រភ្ញាក់ផ្អើល! ស្ងាត់ៗ Rosé BLACKPINK ចាប់ដៃគូជាមួយម៉ាកសម្លៀកបំពាក់កីឡាយក្សដ៏ល្បី
ថ្មីៗនេះ អ្នកគាំទ្រក្រុមចម្រៀងកូរ៉េដ៏ល្បី BLACKPINK មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសមាជិកម្នាក់នៃក្រុមគឺ Rosé នាងបានក្លាយជាអ្នកតំណាងឱ្យម៉ាកយីហោសម្លៀកបំពាក់កីឡាយក្ស PUMA ខណៈដែលបច្ចុប្បន្ន នាងក៏ជាទូតសុច្ឆន្ទៈឱ្យម៉ាក Saint Laurent និង Rimowa ផងដែរ។
តាមរយៈវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម Instagram ម៉ាក PUMA បានប្រកាសកាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤ ដែល Rosé បានចូលជាសមាជិកផ្លូវការនៅក្នុងគ្រួសារ PUMA។ នៅក្នុងវីដេអូនេះ Rosé បានដើរតម្រង់ឆ្ពោះទៅកាន់កន្លែងឆែកលិខិតឆ្លងដែន។ នាងបានហុចលិខិតឆ្លងដែនដែលមានពាក្យថា «global» បន្ទាប់មកអ្នកត្រួតពិនិត្យបានបោះត្រាជាមួយសញ្ញា «welcome to Puma» ឬ ស្វាគមន៍មកកាន់ Puma។ ហើយនៅចុងបញ្ចប់នៃវីដេអូ នាងបានព្រលយពាក្យ «A journey starts now» ឬ ការធ្វើដំណើរចាប់ផ្តើមឥឡូវនេះ។
ដូចដែលអ្នកគាំទ្របានដឹង នេះមិនមែនជាលើកទី ១ ទេដែល Rosé បានសហការគ្នាជាមួយម៉ាកសម្លៀកបំពាក់កីឡា តួយ៉ាងកន្លងមកសមាជិកក្រុម BLACKPINK ក៏បានធ្វើជាទូតសុច្ឆន្ទៈឱ្យម៉ាកសម្លៀកបំពាក់កីឡា adidas ជាច្រើនឆ្នាំផងដែរ។
ការចាប់ផ្តើមជាទូតសុច្ឆន្ទៈនេះ Rosé បាននិយាយដែរថា៖ « ខ្ញុំពិតជារំភើបចិត្តដែលបានចូលរួមជាមួយគ្រួសារ PUMA។ ខ្ញុំពិតជាមិនអាចទ្រាំចាំបានសម្រាប់អ្នកគាំទ្ររបស់ខ្ញុំ ដើម្បីឱ្យពួកគេចូលរួមជាមួយខ្ញុំនូវការបើកទំព័រថ្មីជាមួយ PUMA។»
គួរឱ្យដឹងដែរថា ការចូលរួមជាទូតសុច្ឆន្ទៈរបស់ PUMA កន្លងមកតារាល្បីៗលំដាប់ពិភពលោកបានធ្វើឱ្យប្រ៊េនមួយនេះផ្ទុះកក្រើកទូទាំងពិភពលោក។ ក្នុងនោះមានដូចជា តារាចម្រៀង Rihanna, A$AP Rocky, Dua Lipa និង Skepta ជាដើម។ ចំណែក ការចាប់ដៃគូជាមួយ Rosé ក្រុមហ៊ុននឹងឱ្យនាងពាក់ជាមួយស្បែកជើង PUMA Palermo ដែលជាម៉ូដ-ករាក់ដាក់ទៅតាមស្ទីលរបស់នាង។ លើសពីនេះនាងនឹងជំរុញបន្ថែមទៅលើ franchises ដែលជាស្ទីលបែបកីឡារបស់ម៉ាកមួយនេះ៕