ហេតុតែប្រ៊េន ស្បែកជើងផ្ទាត់មួយគូតម្លៃជាង ១០០ ដុល្លារ ហ៊ានទិញអត់?
ថ្មីៗនេះ Dolce & Gabbana ដែលម៉ាកសម្លៀកបំពាក់ដ៏ល្បីរបស់អ៊ីតាលី បានបញ្ចេញខូឡិកហ្សិនស្បែកជើងផ្ទាត់មួយបែប ដែលជាការសហការគ្នាជាមួយម៉ាកស្បែកជើងផ្ទាត់របស់ប្រ៊េស៊ីល Havaianas។ ស្បែកជើងផ្តោតទៅលើម៉ូដបែបបោះពុម្ពក្រឡាសត្វ និង ក្រឡាក្បាច់ មេឌីទែរ៉ាណេ (Mediterranean) មកជាមួយស្ទីលចំនួន ៤ បែប ពាក់បានទាំងបុរសនារី និងស័ក្តិសមសម្រាប់ពាក់ទៅមាត់សមុទ្រឬលើសពីនេះ។
អ្នកស្រី Maria Fernanda Albuquerque អនុប្រធានផ្នែកទីផ្សារសកលនៃម៉ាកស្បែកជើង Havaianas បានប្រាប់សារព័ត៌មានក្រៅស្រុកថា ការសហការបញ្ចេញខូឡិកហ្សិនស្បែកជើងនេះគឺត្រូវបានបំផុសគំនិតឬដកស្រង់ពី ការភ្ជាប់គ្នារវាងបរិយាកាសដ៏ងាយស្រួលនៃរដូវក្តៅនៅប្រ៊េស៊ីល និងភាពច្នៃប្រតិដ្ឋក៏ដូចជាភាពអស្ចារ្យនៃអ៊ីតាលី។
ខូឡិកហ្សិនស្បែកជើងឡើងទៅហ្វេហ្សិនលំដាប់ខ្ពស់នេះ វាត្រូវបានគេផលិតជា limited-edition ឬ ផលិតមានចំនួនកំណត់ ។ ចំពោះម៉ូដមានបោះពុម្ពក្រឡា ៤ ស្ទាយ៌ដូចបានរៀបរាប់នៅខាងដើម។ ក្នុងនោះមានដូចជា៖ ម៉ូដខ្លារខិន (Leopardo), ម៉ូដសេះបង្កង់ (Zebra), ម៉ូដក្បាច់ Blu Mediterraneo និង ម៉ូដក្បាច់ Carretto Siciliano motifs។
ស្បែកជើងផ្ទាត់នេះ ទើបតែចេញលក់កាលពីម្សិលមិញថ្ងៃទី ១៣ ខែ មិថុនា ដោយមានដាក់លក់នៅលើវេបសាយរបស់ម៉ាកទាំងពីរ ព្រមទាំងហាងលក់ស្បែកជើងមួយចំនួនរបស់ Havaianas ប៉ុណ្ណោះ។ សម្រាប់តម្លៃវិញ មួយគូមានតម្លៃ ១៣៨ ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់តម្លៃប៉ុណ្ណេះ ប្រិយមិត្តគិតថាសមទេជាមួយស្បែកជើងផ្ទាត់មួយគូ? ហើយបើសមហ៊ានទិញពាក់អត់?៕