
ក្រុម BTS ជាក្រុមចម្រៀងកូរ៉េដែលកំពុងទទួលភាពជោគជ័យខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់ក្រុមនេះមិនត្រឹមតែខ្លាំងក្នុងអាស៊ីទេ សូម្បីនៅតំបន់លោកខាងលិច ក្រុមនេះក៏កំពុងកើនប្រជាប្រិយភាពខ្លាំងក្លាមិនស្ទើរនោះដែរ ។
សមាជិកម្នាក់ៗនៃក្រុមនេះសុទ្ធតែទទួលបានភាពជោគជ័យក្នុងអាជីពសិល្បៈរបស់ខ្លួន ហើយស្របពេលដែលប្រជាប្រិយភាពរបស់ខ្លួនកំពុងកើនឡើង ពួកគេក៏គិតគូរជួយដល់សកម្មភាពសង្គមជាច្រើនផងដែរ ។
លោក Suga ដែលជាសមាជិកម្នាក់នៃក្រុម BTS បានធ្វើរឿងដ៏គួរឱ្យកោតសរសើរមួយនាថ្ងៃខួបកំណើតរបស់លោកនាពេលថ្មីៗនេះ ដោយលោកបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនប្រមាណ ៨៨ ពាន់ដុល្លារដល់អង្គការ Korean Pediatric Foundation ហើយការបរិច្ចាគប្រាក់ផ្ទាល់ខ្លួននេះដែរ លោកពុំបានដាក់ឈ្មោះលោកទេ តែបែរជាដាក់ឈ្មោះ ARMY ទៅវិញ ដែលឈ្មោះនេះតំណាងឱ្យក្រុមអ្នកគាំទ្ររបស់ BTS ទាំងអស់ ។
ទឹកចិត្តរបស់ Suga ទទួលបានការស្ងើចសរសើរយ៉ាងខ្លាំង ហើយមហាជនក៏កាន់តែស្រឡាញ់ចូលចិត្ត និង គាំទ្ររូបគេបន្ថែមទៀត ។ គួរបញ្ជាក់ដែរថា អង្គការ Korean Pediatric Foundation ជាអង្គការដែលផ្តល់ជំនួយជាថវិកាដល់កុមារដែលមានកង្វះខាតទាំងអស់ ជាពិសេសកុមារដែលជំងឺធ្ងន់ធ្ងរជាប់ខ្លួន ដូចជាជំងឺមហារីកជាដើម ហើយត្រូវការការព្យាបាល និង ការវះកាត់ ដើម្បីបន្តជីវិតរបស់ខ្លួន ៕
ដោយ៖ រិទ្ធី
ប្រភព ៖ Allkpop
អត្ថបទដោយ៖ Thavrith