ស្រឡាញ់ប្ដីខ្លាំង! Tavia Yeung ចាយលុយជាង ៧ ម៉ឺនដុល្លារក្នុងមួយខែជួលផ្ទះហុងស៊ុយស្នាក់នៅ ដើម្បីជួយឱ្យប្ដីមានសំណាងឈ្នះពានរង្វាន់របស់ TVB
តាំងពីចាប់ដៃគ្នារៀបការជាប្ដីប្រពន្ធតាំងពីឆ្នាំ ២០១៦ រហូតទទួលបានចំណងដៃកូនៗចំនួន ២ នាក់ មកទល់ពេលនេះចំណងស្នេហ៍របស់តារាសម្ដែងប្រចាំប៉ុស្តិ៍ TVB តារាស្រី Tavia Yeung និង តារាប្រុស Him Law កាន់តែស្អិតល្មួតផ្អែមល្ហែមខ្លាំងឡើង។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រលួចច្រណែនខ្លាំងបំផុតនោះក្រោយតារាស្រី Tavia Yeung បានប្រើវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីឱ្យតែស្វាមីរបស់នាងទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួន។
ថ្មីៗនេះ ក្នុងកិច្ចសម្ភាសមួយតារាស្រី Tavia បានបង្ហាញជំហរគាំទ្រ និង រំភើបខ្លាំងបំផុតប្រសិនបើស្វាមីឈ្នះពានរង្វាន់តារាសម្ដែងប្រុសល្អដាច់គេក្នុងកម្មវិធីពានរង្វាន់ TVB Anniversary Awards ដែលនឹងធ្វើឡើងនៅខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។ អ្វីដែលកត់សម្គាល់នោះគឺថា Tavia ពិតជាយកចិត្តទុកដាក់លើក្ដីបំណងរបស់នាងមួយនេះខ្លាំងបំផុតរហូតនាងទៅរកគ្រូហុងស៊ុយដើម្បីជួយថែមទៀត។
ជាក់ស្ដែងថ្មីៗកន្លងទៅ តាមការណែនាំរបស់គ្រូហុងស៊ុយ Tavia និង ក្រុមគ្រួសារក៏បានផ្លាស់ចេញពីអាផាតមិនដ៏ប្រណីតរបស់ពួកគេទៅរស់នៅផ្ទះមួយកន្លែងនៅ Sai Kung’s Clear Water Bay Road ដែលជួលក្នុងតម្លៃ ៦០ ម៉ឺនដុល្លារហុងកុង (ប្រមាណជាង ៧៧០០០ ដុល្លារ) ក្នុងមួយខែ។
ចំពោះហេតុផលផ្លាស់ចេញពីផ្ទះខ្លួនឯងទៅនៅផ្ទះជួលមួយរយៈនេះ គឺដោយសារតែផ្ទះនោះគឺមានហុងស៊ុយល្អខ្លាំង ដោយគ្រូហុងស៊ុយជឿថាវាអាចជួយជាកម្លាំងជំរុញឱ្យ Him Law កាន់តែមានឱកាសក្នុងការឈ្នះពានរង្វាន់ Best Actor ទៀតផង។ ជាងនេះទៅទៀត ចំពោះទីតាំងផ្ទាល់ក៏កាន់តែធ្វើឱ្យពួកគេងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ស្ថានីយទូរទស្សន៍ TVB ថែមទៀត។
គួរឱ្យដឹងថា Tavia Yeung និង Him Law គឺមានជំងឺលើហុងស៊ុយបែបនេះ ក៏ដោយសារតែធ្លាប់ទទួលបានលទ្ធផលល្អពីវិធីសាស្ត្រនេះ។ គិតតាំងពីក្រុមគ្រួសាររបស់ពួកគេផ្លាស់ទៅនៅផ្ទះនោះ ពួកគេទទួលបានសមិទ្ធផលជាច្រើន។ ទោះជាយ៉ាងណា ពេលធ្វើកិច្ចសម្ភាសជាមួយ Oriental Daily News តារាប្រុស Him Law ចេញមកអះអាងថាគ្រប់យ៉ាងទទួលបាននោះគឺអាចនឹងមិនមែនមកពីហុងស៊ុយទាំងស្រុងនោះទេ។
លោកបានរៀបរាប់ថា៖ «វាមិនមែនស័ក្ដិសិទ្ធិដូចដែលគិតទាំងស្រុងនោះទេ។ ពួកយើងផ្លាស់ទៅនៅផ្ទះថ្មីនេះគឺរឿងចម្បងផ្ដល់ភាពងាយស្រួលឱ្យកូនៗក្នុងការរៀនសូត្រ ហើយក៏មានទីតាំងជិតជាមួយបងប្អូនស្រីរបស់ Tavia ដែរ អ៊ីចឹងគឺងាយស្រួលសម្រាប់ម្ដាយក្មេកខ្ញុំពេលចង់មកលេងកូនចុះឡើង មិនពិបាកឆ្ងាយពីគ្នា»។
ដោយឡែកនៅពេលសួរពីការ «រកហុងស៊ុយឱ្យជួយនាំសំណាងឱ្យឈ្នះពានរង្វាន់ Best Actor» លោក Him Law បានឆ្លើយតបថា៖ «ពិតប្រាកដណាស់ ពួកយើងពិតជាធ្វើតាមហុងស៊ុយមែន ប៉ុន្តែខ្ញុំឈ្នះឬក៏អត់នោះគឺពឹងលើសាធារណជនអ្នកគាំទ្រហើយ។ ខ្ញុំពិតជារីករាយខ្លាំងដែលមានប្រពន្ធជួយជ្រោមជ្រែង។ អ្វីដែលសំខាន់សម្រាប់ខ្ញុំនោះគឺអ្នកទស្សនារីករាយមើលការសម្ដែង និង ចងចាំរឿងរបស់ខ្ញុំសម្ដែង»៕
ប្រភព៖ 8days