ជាគំរូសម្រាប់ប្អូនៗ! ប៉េងអាន មានប្រវត្តិការសិក្សាខ្ពស់ បច្ចុប្បន្នក្លាយជាសហគ្រិន និង ជាអ្នកផលិតវីដេអូចែករំលែកចំណេះដឹងដ៏លេចធ្លោនៅលើបណ្តាញសង្គម
កន្លងមក តាមរយៈវីដេអូរបស់ ប៉េងអាន ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់នូវកំលោះសង្ហារូបនេះ ដែលលោកជាសហគ្រិន និង ជាបុគ្គលចូលចិត្តចែករំលែកដ៏មានប្រជាប្រិយភាពមួយរូបនៅលើបណ្តាញសង្គម។ លោករមែងបង្កើតវីដេអូនិយាយអំពីបញ្ហាសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និង ចំណេះដឹងផ្សេងៗ។ មុនបង្ហាញមុខមានគេស្គាល់ និង គាំទ្រមកដល់សព្វថ្ងៃ មែនទែនទៅ ប៉េងអាន ក៏មានប្រវត្តិការអប់រំចំណេះដឹងមិនធម្មតាផងដែរ។
ផ្អែកតាមគណនី LinkedIn ប៉េងអាន មានឈ្មោះពេញ អ៊ុង ប៉េងអាន លោកជាសហគ្រិន និង កំពុងបម្រើការងារជាអ្នកដឹកនាំគម្រោង ជាទីប្រឹក្សាម៉ាក និង ទំនាក់ទំនង នៅក្រុមហ៊ុនធានារ៉ាប់រងល្បីឈ្មោះមួយនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ ២០១៤ លោកទទួលបានអាហារូបករណ៍កម្មវិធីផ្លាស់ប្តូរការសិក្សា ដែលផ្តល់ដោយសាកលវិទ្យាល័យ Kyushu University នៅជប៉ុន ទៅសិក្សានៅសាកលវិទ្យាល័យ Ateneo de Manila University នៅហ្វីលីពីន។ ការសិក្សាអាហារូបករណ៍នេះ លោកទទួលបានពានរង្វាន់អាហារូបករណ៍អាស៊ានវ័យក្មេង ឬ Young ASEAN scholarship award ផងដែរ។ បន្ទាប់មកនៅក្នុងឆ្នាំ ២០១៥ លោកទទួលបានអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាឆមាស UGRAD មួយទៀត ទាក់ទងនឹងជំនាញផលិតវីដេអូ ភាពយន្តឯកសារ និង សារគមនាគមន៍ នៅសាកលវិទ្យាល័យ California State University, Monterey Bay នៅរដ្ឋ California សហរដ្ឋអាមេរិក។
ពីឆ្នាំ ២០១២ ដល់ ឆ្នាំ ២០១៦ លោកបានបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ សារគមនាគមន៍ និង ការផលិតប្រព័ន្ធផ្សព្វផ្សាយ។ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ លោកបានសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងសុខភាព និង ហានិភ័យនៅសាកលវិទ្យាល័យ Michigan State University នៅសហរដ្ឋអាមេរិក។
ក្រៅពីជាសហគ្រិន បើកអាជីវកម្មរួមគ្នាជាមួយដៃគូ ដែលមានដូចជា ហាងសម្លៀកបំពាក់ Attire Lounge, ហាងកាហ្វេ Cuffeine: Plant-based Coffee និង បណ្ណាល័យ The Reading Lounge Library លោកក៏ជាស្ថាបនិកទំព័រហ្វេសប៊ុក Think with PingAnn ដែលបង្កើតវីដេអូចែករំលែកអំពី បញ្ហាសុខភាពផ្លូវកាយ ផ្លូវចិត្ត វិធីសាស្ត្រផ្តល់កម្លាំងចិត្ត និង ចំណេះដឹងផ្សេងៗ។ នៅលើគណនី LinkedIn លោកក៏បានសរសេរដែរថា លោករីករាយនឹងការធ្វើការផ្តោតទៅលើសុខភាព ដើម្បីពង្រឹងតំហែទាំសុខភាព ចំណេះដឹងសុខភាពតាមសហគមន៍ និង ប្រយុទ្ធប្រឆាំងនឹងព័ត៌មានសុខភាពមិនត្រឹមត្រូវតាមប្រព័ន្ធអនឡាញ។ លើសពីនេះ លោករីករាយជាមួយការងារគម្រោងលើកកម្ពស់ស្ត្រីក្នុងភាពជាសហគ្រិន ជាពិសេសលើកកម្ពស់សហគ្រិនស្ត្រីដើម្បីទទួលបានសមភាពនៅក្នុងធនធានអាជីវកម្ម និង តំហែទាំសុខភាព៕