កុំឱ្យយប់យន់សុបិនយូរ! ខាយ និង គូដណ្ដឹង រកពេលាល្អសម្រាប់ថ្ងៃមង្គលការបានហើយ
គិតមកដល់ពេលនេះ គូស្នេហ៍ប្រុសសង្ហាស្រីស្អាតមួយគូដែលជា idol របស់អ្នកគាំទ្រជាច្រើន គឺតារាចម្រៀង ខាយ និង កញ្ញា មុន្នីនាថ បានភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងនឹងគ្នាខ្ទង់ ១ ឆ្នាំហើយ ដោយពួកគេបានបំពាក់ចិញ្ចៀនបញ្ចាំចិត្តឱ្យគ្នាទៅវិញទៅមកនៅចំពោះមុខសាច់ញាតិចាស់ទុំទាំងសង កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
ចាប់តាំងពីប្ដូរឈ្មោះជាសង្សារក្លាយជាគូដណ្ដឹងនឹងគ្នាមក ខាយ និង កញ្ញា មុន្នីនាថ កាន់តែបង្ហាញសេចក្ដីទុកចិត្តលើគ្នា យល់ចិត្ត គិតគូរឿងអនាគតជាមួយគ្នា ជាពិសេសជារឿយៗ គេតែងឃើញអនាគតគូស្វាមីភរិយាដ៏ស័ក្ដិសមមួយគូនេះ បណ្ដើរគ្នាទៅណាមកណាប្រកបដោយស្នាមញញឹម និង ក្ដីស្រឡាញ់ចំពោះគ្នា។
ដោយខាងអនាគតកូនក្រមុំនៅវ័យក្មេង ថែមទាំងស្រស់ស្អាតពូកែសឹងគ្រប់យ៉ាងផងនោះ តារាចម្រៀង ខាយ មិនភ្ជាប់ពាក្យទុកយូរនាំសុបិនច្រើនទេ ពោលគឺពួកគេទាំងពីរគិតគូរកពេលាល្អដើម្បីរៀបចំពិធីមង្គលការតាមប្រពៃណីហើយ។ បើតាមការឱ្យដឹងពីសាមីខ្លួនទាំងពីរបានបង្ហើបថា មង្គលការពួកគេនឹងធ្វើឡើងនៅដើមឆ្នាំ ២០២៥ ខាងមុខ នៅគេហដ្ឋានខាងស្រីខេត្តសៀមរាប ចំណែកពេលវេលាច្បាស់លាស់ ពួកគេទាំងពីរសុំលាក់សិន៕