មានមុខរបរជាអ្នកលក់នំ ឥឡូវ ដួង មិថុនា មានហ្វេនគាំទ្រហៅអាយដលពេញៗមាត់
និយាយដល់ Thok Na ឬ ដួង មិថុនា ជឿជាក់ថាប្រិយមិត្តនឹងភ្នកនឹកដល់កំលោះសង្ហា ញញឹមស្រស់ ជាអ្នកលក់នំខ្មែរក្បែរមាត់ផ្លូវនៅទឹកដីក្រុងសៀមរាប។ អាចថាសម្រស់ជាចំណែកមួយសំខាន់នៅក្នុងសម័យនេះ ដូច ដួង មិថុនា ជាក់ស្តែង ដោយសារតែរូបសម្រស់ វាអាចធ្វើឱ្យលោកមានប្រជាប្រិយភាព ជួយដល់ការលក់ដូរ ហើយក៏មានឱកាសរំកិលខ្លួនចូលទៅក្នុងពិភពសិល្បៈផងដែរ។
រម្លឹកឡើងវិញបន្តិចអំពីប្រវត្តិរបស់កំលោះវ័យ ២៥ ឆ្នាំ កម្ពស់ ១,៨០ ម៉ែត្រ រូបនេះ លោក មានស្រុកកំណើតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោកមានបងប្អូន ៥ នាក់ ប្រុស ២ ស្រី ៣ លោកជាកូនទី ៤។ ចំពោះការសិក្សាវិញ លោករៀនចប់ត្រឹមថ្នាក់បាក់ឌុប។
ក្រោយឪពុកម្តាយចែកផ្លូវគ្នាតាំងពីខ្លួននៅតូច មិថុនា បានរស់នៅជាមួយម្តាយ និង ជួយរបររបស់អ្នកម្តាយដោយមានលក់នំខ្មែរ និង បោកអ៊ុតសម្លៀកបំពាក់។ មិថុនា ថារបរបោកអ៊ុត និង លក់នំនេះ គឺធ្វើតាំងពីជំនាន់លោកយាយរបស់លោក និង បន្តរហូតមកដល់អ្នកម្តាយ ហើយក៏ចេះតែតមកដល់លោកដូចសព្វថ្ងៃ។ លោកបានជួយធ្វើរបរនេះតាំងពីខ្លួននៅតូចម្ល៉េះ។ លោកធ្វើវាតែនៅពេលទំនេរពីការសិក្សាប៉ុណ្ណោះ។ តែក្រោយបញ្ចប់ថ្នាក់បាក់ឌុបនៅឆ្នាំ ២០១៨ លោកបានចាប់ផ្តើមជួយពេញទីតាំងពីឆ្នាំ ២០២០ មកដល់សព្វថ្ងៃ។
ដួង មិថុនា ចាប់ផ្តើមផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គមតាំងពីដើមឆ្នាំ ២០២៤ ដែលល្បីថាជាអ្នកលក់នំខ្មែរនៅខេត្តសៀមរាបមានរូបសង្ហា ឯនំក៏ឆ្ងាញ់មិនចាញ់សម្រស់អ្នកលក់ផងដែរ។ តាមរយៈរូបសម្រស់ មិថុនា មិនត្រឹមតែរីកចម្រើនទៅលើការលក់នំប៉ុណ្ណោះទេ តែថែមទាំងមានឱកាសចូលទៅក្នុងពិភពសិល្បៈទៀតផង។ តួយ៉ាង កន្លងមកលោកត្រូវបានខាងម៉ាកយីហោល្បីៗ ទំនាក់ទំនងថតពាណិជ្ជកម្ម រាប់តាំងពីសម្លៀកបំពាក់ គ្រឿងលម្អ ផលិតផលសម្រស់ រហូតដល់គ្រឿងភេសជ្ជៈផងដែរ។ អ្នកគាំទ្ររបស់លោក ភាគច្រើនមកពីស្រទាប់យុវវ័យ រាល់ពេលបង្ហោះរូបភាពឬវីដេអូ ពួកគេតែងតែចូល Like, Comment និង Share ជាហូរហែ។ ជាពិសេស ដោយស្រលាញ់ពេញចិត្តខ្លាំង អ្នកគាំទ្រថែមទាំងចូល Comment ហៅអាយដល់គ្រប់ Post ទៀតផង៕