មានកូន ៦ នាក់ហើយ ភរិយា ជុំ ស៊ីថា សម្រស់នៅតែស្អាតក្មេងខ្ញង់មិនចាញ់វ័យក្រមុំ
និយាយពីជីវិតគ្រួសាររបស់អតីតតារាបង្ហាញម៉ូដ និង ជាតារាសម្ដែងរូបសង្ហា ជុំ ស៊ីថា ដែលត្រូវបានគេដឹងថាលោកកំពុងសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលជាមួយភរិយាឈ្មោះ សាង មេត្តា ជាអ្នកស្ថិតនៅក្រៅរង្វង់សិល្បៈ និង ជាកូនអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដមម្នាក់។
មកដល់ពេលនេះ លោក និង ភរិយា ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៦ នាក់ហើយ ដោយក្នុងនោះ ៣ នាក់ ជាកូនភ្លោះ និង កូនស្រីម្នាក់ទៀតទើបសម្រាលឃើញពន្លឺព្រះអាទិត្យកាលពីថ្មីៗកន្លងទៅ។ កន្លងមកនេះ លោក ជុំ ស៊ីថា ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តភក្តិក្នុង និង ក្រៅរង្វង់សិល្បៈ លើកឡើងថាលោកគឺជាស្វាមី និង ជាឪពុកដ៏ល្អសម្រាប់ក្រុមគ្រួសារ ក៏ព្រោះតែលោកមើលថែភរិយា និង កូនៗបានយ៉ាងល្អ។
ជាងនេះទៅទៀត មិនខ្វល់ថារវល់យ៉ាងណា លោក ជុំ ស៊ីថា តែងតែយកពេលជួយមើលថែកូនប្រុសស្រីជំនួសភរិយា ជាពិសេសខណៈពេលភរិយាទើបតែសម្រាលកូនទី ៦ ដែលលោកជួយធ្វើកិច្ចការផ្ទះជាច្រើនមិនថាតែថែសួន ដាំបន្លែនោះទេ។
ស្របពេលទទួលបានជីវិតគ្រួសារដ៏មានសុភមង្គលយ៉ាងពេញទំហឹង និង មានកូនប្រុសស្រីគួរឱ្យស្រឡាញ់រហូតដល់ទៅ ៦ នាក់ហើយ ក្រឡេកទៅមើលភរិយាបណ្ដូលចិត្តរបស់អតីតតារាប្រុសរូបនេះ ក៏កាន់តែស្រស់ស្អាតគួរឱ្យស្រឡាញ់ ដែលពូកែថែសម្រស់ និង ទទួលបានការថ្នាក់ថ្នមពីស្វាមី ទោះជាមានកូនច្រើននាក់មែន ប៉ុន្តែរូបសម្រស់របស់អ្នកនាងនៅតែក្មេងស្រស់ស្អាតមិនចាញ់នៅក្រមុំឡើយ៕