អបអរ! អន្ទិត សាន សុជា និង ភរិយា បានឃើញមុខកូនប្រុសដំបូងហើយ មុខដូចឪពុកណាស់
គិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ១ ឆ្នាំមកហើយ បើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ មកដល់ពេលនេះ ដែលអន្ទិត សាន សុជា បានចាប់ដៃគូដណ្តឹងស្រស់សោភា ឡៅ ដាណា ចូលរោងការពេញច្បាប់ក្លាយជាប្តីប្រពន្ធនៅឯទឹកដីខេត្តសៀមរាប។ ក្នុងនោះ ក្រោយរៀបការរួច គូស្វាមីភរិយា លោក សាន សុជា ក៏បានវិលត្រឡប់ទៅរស់នៅឯប្រទេសអូស្ត្រាលីវិញ។
បន្ទាប់ពីរៀបការបានជាងកន្លះឆ្នាំ មួយរយៈកន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្ររបស់ អន្ទិត សាន សុជា បានចូលរួមអបអរសាទរដល់លោក និង ភិរយា ក្រោយពីឃើញគណនីហ្វេសប៊ុករបស់អន្ទិតបានបង្ហោះរូបភាពឈុតទារក ដោយអមនូវសារដ៏មានន័យនៃព្រហ្មវិហារធម៌របស់ឪពុកម្តាយ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ទីបំផុត អន្ទិត សាន សុជា និង ភរិយា បានឃើញមុខកូនប្រុសដំបូងនៃចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរហើយ ពោលគឺអ្នកនាង ឡៅ ដាណា បានសម្រាលកូនប្រកបដោយសុវត្ថិភាពហើយ ដែលទទួលបានការអបអរស្វាគមន៍សមាជិកថ្មីពីមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន។
បើតាមរយៈការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ Nath Chorvorn ដែលបានបង្ហោះរូបភាពលោក អន្ទិត សាន សុជា និង ទារក ទើបតែសម្រាលភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «ស្វាគមន៍សមាជិកថ្មី ក្មួយប្រុស សាន សុជាតិ កូនប្រុសលោកគ្រូ សាន សុជា (ជូនពរសុខភាពល្អទាំងអ្នកម្តាយ និង កូន)»៕