កៀកថ្ងៃ Solo Concert! ប្អូនស្រីរបស់ ឱក សុគន្ធកញ្ញា ទម្លាយរូបថតកាលពីជំនាន់មុនៗ ត្រៀមឱ្យអ្នកគាំទ្រងាយស្រួលយកស្ទីលតាម
នៅសល់ប្រមាណជាជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្មវិធីប្រគំតន្ត្រីទោល របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បាននឹងមកដល់ហើយ ដោយកម្មវិធីប្រគំតន្ត្រីទោល «Rise Of The Queen» នឹងរៀបចំនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ នៅឯសាលមហោស្រពកោះពេជ្រ។ កម្មវិធីប្រគំតន្ត្រីទោល នេះដែរ ក៏បានរៀបចំយ៉ាងពិសេសចំថ្ងៃខួបកំណើតរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ទៀតផង។
ក្នុងនោះ កាន់តែកៀកថ្ងៃ អ្នកគាំទ្រក៏កាន់តែអន្ទះសារង់ចាំមើលទស្សនីយភាពនៃការសម្តែងរបស់កំពូលតារាចម្រៀងរូបនេះយ៉ាងខ្លាំង។ លើសពីនោះ ក្រឡេកទៅមើលអ្នកគាំទ្រ ដែលបានទិញសំបុត្រចូលរួមក៏កំពុងត្រៀមខ្លួនដូចគ្នា ដោយមានទាំងការទន្ទេពប៉ារ៉ូលចម្រៀង និង ត្រៀមឈុតសម្លៀកតាមស្ទីលរបស់ Idol ក៏មាន។
យ៉ាងណាមិញ ក្រឡេកមកមើលគណនីហ្វេសប៊ុករបស់ប្អូនស្រីបង្កើតរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺកញ្ញា ឱក សុគន្តាណា បានបង្ហោះសារមួយឃ្លាថា៖ «យប់នេះផុសរូបបង កញ្ញា ចាស់ៗឱ្យគ្រប់ជំនាន់ គ្រប់ style ដើម្បីឱ្យអ្នកទៅមើល Solo concert ដែលមិនដឹងពាក់អីទៅ មាន idea»។
ភ្លាមនោះ មិនយូរប៉ុន្មាន កញ្ញា ឱក សុគន្តាណា ប្អូនស្រីបង្កើតរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន រហូតធ្វើឱ្យអ្នកគាំទ្រចូលទៅចែករំលែក និង ខ្លះលើកឡើងថា ពួកគេនឹងស្លៀកឈុតនេះ ស្លៀកឈុតនោះតាមស្ទីលរបស់អ្នកនាង ឱក សុគន្ធកញ្ញា ទៀតផង៕