ជាម្ចាស់មកុដបវរកញ្ញាយុវតី តែ គុណ កន្និកា កំពុងឆក់បានប្រជាប្រិយភាពខ្លាំងក្នុងភាពយន្តភាគខ្មែរ
និយាយពីយុវតី គុណ កន្និកា ជាម្ចាស់ជ័យលាភីគ្រងមកុដថ្មីនៃកម្មវិធីបវរកញ្ញាយុវតី Miss Teen Icon Cambodia 2024 ដែលយុវតីរូបនេះជាបវរកញ្ញាវ័យក្មេងមួយរូបមានទាំងរូបសម្រស់ ចំណេះដឹង សមត្ថភាពទេពកោសល្យដ៏លេចធ្លោ និង ទទួលបានការស្រឡាញ់ពេញចិត្តខ្លាំងពីមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា។
ក្រោយពីក្លាយជាម្ចាស់មកុដបវរកញ្ញាយុវតី Miss Teen Icon Cambodia 2024 មួយរយៈកន្លងទៅនេះ គុណ កន្និកា មិនត្រឹមតែទទួលការចាប់អារម្មណ៍លើវិស័យបវរកញ្ញានោះទេ នាងក៏កំពុងក្ដោបបានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសម្ដែងថែមទៀត ដែលក្រៅពីធ្វើការហ្វឹកហាត់ត្រៀមប្រកួតលើឆាកអន្តរជាតិ នាងក៏ឆ្លៀតប្រឡូកចូលវិស័យសម្ដែង ដោយបានលេចមុខក្នុងខ្សែភាពយន្តភាគខ្មែរ និង ភាពយន្តខ្នាតធំផងដែរ។
ជាមួយគ្នានោះ បវរកញ្ញាយុវតី គុណ កន្និកា ក៏កំពុងត្រូវបានមហាជនផ្ទុះចាប់អារម្មណ៍តាមដានសរសើរ និង បង្ហាញការគាំទ្រខ្លាំងចំពោះទេពកោសល្យនៃការសម្ដែងដ៏ប៉ិនប្រសប់របស់នាង ជាតួស្រីក្នុងខ្សែភាពយន្តភាគខ្មែរមួយ គឺរឿង «ស្នែហ៍ប្រែវាសនា» របស់ស្ថានីយទូរទស្សន៍បាយ័ន។
ស្របពេលកំពុងផ្ទុះប្រជាប្រិយភាពជាមួយស្នាដៃសម្ដែងខ្សែភាពយន្តភាគនេះដែរ ថ្មីៗកន្លងទៅ គុណ កន្និកា ក៏ក្ដោបបានឱកាសសម្ដែងជាតួឯកស្រីក្នុងភាពយន្តខ្នាតធំដំបូងមួយទៀត ចំណងជើងថា «ព្រាយបំពេកូន» ជាប្រភេទរឿងដ៏រន្ធត់ព្រឺព្រួចមួយ៕