ត្រៀមសប្បាយឱ្យហើយទៅ! ពាក់កណ្តាលខែសីហានេះ សមាគមសិល្បករខ្មែរ រួមដៃនឹងក្រសួងវប្បធម៌ ធ្វើកម្មវិធីទេសចរណ៍មួយនៅសៀមរាប
តាមការបង្ហោះនៅលើផេកផ្លូវការរបស់សមាគមសិល្បករខ្មែរ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំគណៈប្រតិបត្តិ និង សមាជិកនៃសមាគម ចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិកាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងក្រុមការងារពាក់ព័ន្ធ ដើម្បីពិភាក្សាលើការត្រៀមរៀបចំកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ក្នុងគោលបំណងផ្សព្វផ្សាយពីទេសចរណ៍ នៅលើទឹកដីខេត្តសៀមរាប។
បើតាមការឱ្យដឹងលើផេកផ្លូវការខាងលើ កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលមានគោលបំណងក្នុងការផ្សព្វផ្សាយពីទេសចរណ៍នៅលើទឹកដីខេត្តសៀមរាបនេះ នឹងរៀបចំចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។
ជាក់ស្ដែងកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលគ្រោងរៀបចំនៅលើទឹកដីដ៏បវរនៃខេត្តសៀមរាបនេះដែរ គឺបានបង្ហាញពីការយកចិត្តទុកដាក់ និង ការចូលរួមចំណែកដ៏សំខាន់ពីសំណាក់សមាគមសិល្បករខ្មែរ ដែលមានការដឹកនាំលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន ដោយមិនត្រឹមតែយកចិត្តទុកដាក់ចូលរួមក្នុងវិស័យសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែសមាគមក៏បានគិតគួរដោយផ្សារភ្ជាប់ចូលរួមក្នុងវិស័យទេសចរណ៍ផងដែរ៕
សូមអានសេចក្តីលម្អិតខាងក្រោម៖
ប្រភព & រូបភាព៖ សមាគមសិល្បករខ្មែរ