រៀបការ ៩ ឆ្នាំ មានកូនៗ ២ នាក់ហើយ តារាចម្រៀង មួន ម៉ារ៉ា ទើបទម្លាយរឿងសុំភរិយារៀបការ គឺប្រើតាមវិធីនេះសោះ
បើវិលត្រឡប់ទៅកាន់អំឡុងដើមឆ្នាំ ២០០០ មហាជនជាច្រើនប្រាកដជានៅចាំនៅឡើយម្ចាស់បទ «កាដូគ្មានន័យ» លោក មួន ម៉ារ៉ា ជាក់ជាមិនខាន។ កាលនោះ តារាចម្រៀងប្រុស មួន ម៉ារ៉ា គឺត្រូវបានចាត់ទុកជាតារាចម្រៀងប្រុសជួរមុខ ដែលឆក់យកបានបេះដូងអ្នកគាំទ្រមិនថាស្រីប្រុសនោះឡើយ។
ដោយឡែក បើងាកមកជីវិតឯកជនរបស់លោក មួន ម៉ារ៉ា វិញនោះ អំឡុងពេលបាត់មុខលើវិថីសិល្បៈ លោកក៏បានសាងគ្រួសាររៀបការនឹងភរិយាដ៏ស្រស់ស្អាតម្នាក់ ព្រមទាំងទទួលបានចំណងដៃកូនប្រុសស្រីចំនួន ២ នាក់ហើយដែរ។ ក្រោយបាត់មុខពីសិល្បៈច្រើនឆ្នាំ ពេលនេះលោក មួន ម៉ារ៉ា ក៏បានបង្ហាញវត្តមានសាជាថ្មីម្តងទៀតហើយក្នុងវិថីសិល្បៈ។
ក្រឡេកមកមើលជីវិតគូរបស់លោក មួន ម៉ារ៉ា ត្រូវបានមហាជនអ្នកគាំទ្រ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងតែចាប់ក្រសែភ្នែកសរសើរដល់គូស្វាមីភរិយារបស់លោក ព្រោះជារឿយៗលោក និង ភរិយាតែងតែបង្ហាញជីវិតគូយ៉ាងផ្អែមល្ហែមគ្មានឈប់។
បើនិយាយពីភរិយារបស់លោកវិញ ក៏ត្រូវបានមហាជនសរសើរខ្លាំងដែរថាជាភរិយា ជាម្តាយ និង ជាមេផ្ទះដ៏ល្អសព្វគ្រប់បែបយ៉ាង ព្រោះភរិយារបស់លោក មួន ម៉ារ៉ា មិនត្រឹមតែបំពេញតួនាទីយ៉ាងល្អមើលថែប្តី និង កូនៗនោះទេ តែអ្នកនាងក៏ឆ្លៀតពេលរកស៊ីដើម្បីជាផ្នែកមួយជួយសម្រាលការងាររបស់លោក មួន ម៉ារ៉ា ទៀតផង។
បើគិតមកដល់ពេលនេះ រយៈ ៩ ឆ្នាំមកហើយ ដែលលោក មួន ម៉ារ៉ា និង ភរិយាបានរៀបការនឹងគ្នា ដោយបើតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានឱ្យដឹងថា លោកបានស្គាល់ភរិយាតាំងពីនាងអាយុ ១៦ ឆ្នាំ រីឯលោកអាយុ ៣៥ ឆ្នាំ។ ក្នុងនោះ ក្រោយស្គាល់គ្នាមួយឆ្នាំ អ្នកទាំង ២ បានភ្ជាប់ពាក្យ និង បានរៀបការនៅឆ្នាំបន្ទាប់ នៅពេលភរិយាអាយុ ១៨ ឆ្នាំ។
យ៉ាងណាមិញ ងាកត្រឡប់ក្រោយពីប្រវត្តិនៃចំណងអាពាហ៍ពិពាហ៍របស់លោក មួន ម៉ារ៉ា ឯនោះវិញ គឺធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយតារាចម្រៀងប្រុសរូបនេះ លេងពួយសុំភរិយារៀបការតាម online តែម្តង ពោលគឺតាមរយៈការឆាតក្នុង Line៕